ខេត្តស្វាយរៀង ៖ ក្រុមឈ្មួញដឹកឈើតាមរថយន្តធុនយក្សប្រភេទវ៉េអងចំនួន ៥គ្រឿងពីខេត្តកោះកុង មកទម្លាក់រួចស្ទូចលើកដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងសង្ស័យអត់ច្បាប់ ទើបលោតឆត្រ័នៅពេលយប់ដោយមានសមត្ថកិច្ចមកជូនដំណើរយ៉ាងរលូនទៀតផង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង០០នាទីយប់រហូតដល់ម៉ោង ១២អាធ្រាតថ្ងៃទី ៩ កុម្ភៈឆ្នាំ ២០២៦ នៅចំណុចផ្លូវក្រវ៉ាត់ព្រំដែនចន្លោះបង្គោលសីមា ២១៣-២១៤ ស្លាបស្តាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ជិតដីឡូមួយកន្លែងស្ថិតក្នុងភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទ៌ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានក្រុមឈ្មួញឈើ បានដឹកឈើតាមរថយន្តប្រភេទវ៉េអងចំនួន០៥គ្រឿង មកចតនៅក្នុងភូមិជប់ព្រីង កាលពីវេលាម៉ោង ៣ និង ០០នាទីរសៀលថ្ងៃទី ៩ កុម្ភៈ ឆ្នាំ២០២៦ បន្ទាប់មកក៏មានត្រាក់ទ័រជនជាតិវៀតណាមចំនួន ០៥គ្រឿងបានឆ្លងដែនចូលមករដ្ឋបាលឃុំថ្មី និងរថយន្តស្ទូច ១គ្រឿងបានមកស្ទូចដុំឈើ ដាក់លើត្រាក់ទ័រ ហើយបានបើកឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់វេលាម៉ោង ៧ និង ០០នាទីយប់ដល់ម៉ោង ១២កណ្តាលអាធ្រាតទើបសម្រាកនៅសល់ ១គ្រឿងទៀតមិនទាន់ជញ្ជូនអស់ ។
តាមប្រភពបន្តថា រថយន្តដឹកឈើនោះទី ១, ម៉ាកហ៊ីយិនដាយ ប្រភេទវ៉េអង ពាក់ស្លាកលេខ ព្រះសីហនុ3A-8766 ទី ២ ម៉ាកហ៊ីយិនដាយ ប្រភេទវ៉េអង ពាក់ស្លាកលេខ ព្រះសីហនុ 3A-6510 ទី ៣, ម៉ាកហ៊ីយិនដាយ ប្រភេទវ៉េអង ពាក់ស្លាកលេខភ្នំពេញ 4A-9322 ទី ៤, រថយន្តម៉ាក ហ៊ីយិនដាយ ប្រភេទវ៉េអង ពាក់ស្លាកលេខ ភ្នំពេញ 3A-4653 ទី ៥, ម៉ាកហ៊ីយិនដាយ ប្រភេទវ៉េអង ពាក់ស្លាកលេខ តាកែវ 4A-0004 ។
ប្រភពបញ្ជាក់ថា បើតាមពិនិត្យ ក្រុមឈ្មួញដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមនេះ ពុំមានច្បាប់នាំចេញទេ ឈ្មួញបានបង្ហាញលិខិតរបស់រដ្ឋបាលខេត្តកោះកុង អនុញ្ញាតិឲ្យ លោក បាយ ជីនជីន (ជនជាតិចិន) ប្រធានក្រុមហ៊ុនហ្គ្រីនរិចគ្រុប (GREENEICH GROUP Co,Ltd ) ប្រមូលផលព្រៃឈើអាកាស្យាដែលបានដាំក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុនលើផ្ទៃដីទំហំ ២,៤០០ហិកតា (ក្នុងទំហំផ្ទៃដី៤,៩២៣ហិកតា) ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងរូងឃុំជ្រោយប្រស់ស្រុកកោះកុងខេត្តកោះកុង ធ្វើនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២៥ ចុះហត្ថលេខា ដោយ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។
ក៏ប៉ុន្តែពុំមានលិខិតអនុញ្ញាតិនាំចេញទៅក្រៅប្រទេសទេ (ប្រទេសវៀតណាម) ជាពិសេសពុំមាន PC ច្បាប់អនុញ្ញាតិពីអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ក្នុងការដឹកជញ្ជូនផលព្រៃឈើចេញពីខេត្តកោះកុង ឆ្លងកាត់មកខេត្តស្វាយរៀងដែរ ។ ឈើដុំនេះមានមុខកាត់ ២តឹក ៣តឹកទៅ ៤តឹក បណ្តោយ ៣ម៉ែត្រ ។
សមត្ថកិច្ចឃុំថ្មី បានឲ្យដឹងថា ឈើនៅសល់ក្នុងរថយន្ត ១គ្រឿង បានស្ទូចទម្លាក់ចុះមកដី គរទុកខាងមុខផ្ទះអ្នកស្រុកមួយកន្លែងនៅក្នុងភូមិជប់ព្រីង គឺយកទៅមិនទាន់ដោយមានក្រុមអ្នកសារព័ត៌មានតាមប្រម៉ាញ់យករូបភាព ។
ទាក់ទិនករណីនេះដែរ បុរសម្នាក់ដែលអះអាងថា ជាម្ចាស់ឈើដែលទម្លាក់ទុកនៅភូមិជប់ព្រីង បានប្រាប់អ្នកសារព័ត៌មានយើងថា គាត់បានទិញឈើអាកាស្យា ពីក្រុមហ៊ុនចិននៅខេត្តកោះកុងយកមកលក់ចែកចាយឲ្យរោងសិប្បកម្មក្នុងស្រុកភូមិជប់ព្រីងស្រុកកំពង់រោទ៌នេះ គឺចំនួន ២០ ទៅ ៣០គីបប៉ុណ្ណោះ ក្នុង ១គីបលក់បាន ២០ដុល្លារ ចំពោះអ្នកលក់ឲ្យវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាមនោះគាត់មិនដឹងទេ ។
ក៏ប៉ុន្តែមហាជន និងសមត្ថកិច្ចលើកឡើងភ្លាមៗថា នៅភូមិជប់ព្រីងឃុំថ្មី នេះគ្មានសិប្បកម្មកែច្នៃធ្វើគ្រឿងសង្ហារិមអីទេ ហើយឈើទាំងនេះ គឺលក់ឲ្យឈ្មួញវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម គ្មានលក់ក្នុងស្រុកទេ ។ ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចវរៈការពារព្រំដែនបានទេ រហូតដល់រសៀលថ្ងៃទី ១០ ខែកុម្ភៈនេះ ។ ចំណែកលោក ឈួន ចាន់វុទ្ធី នាយកខណ្ឌ័រដ្ឋបាលព្រៃឈើស្វាយរៀង ពេលទូរសព្ទចូលហើយលោកប្រាប់ថា ច្រឡំលេខហើយ ។
មហាជនបានបញ្ជាក់ទៀតថា ឈើដឹកតាមរថយន្តវ៉េអងចំនួន ៤គ្រឿងនោះពុំមែនជាឈើអាកាស្យាទេ គឺសុទ្ធតែឈើប្រណីត ដែលឈ្មួញ និងមន្ត្រីយកឈ្មោះអាកាស្យាមកលាបឱ្យតែប៉ុណ្ណោះ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព











ចែករំលែកព័តមាននេះ