ទីក្រុងបាងកក៖ ថាក់ស៊ីនវិលចូលប្រទេសថៃវិញហើយបន្ទាប់ពីចាកចេញពីមាតុភូមិកាលពីប៉ុន្មានថ្ងៃមុនទៅទីក្រុងឌូបៃដើម្បីពិនិត្យសុខភាព ។ ក្រោយមក គាត់ត្រឡប់ពីឌូបៃទៅសិង្ហបុរីកាលពីម្សិលមិញ និងថ្ងៃនេះជិះយន្តហោះទៅអាកាសយានដ្ឋានដនមឿងនៃទីក្រុងបាងកកដើម្បីធ្វើយ៉ាងណាឱ្យទាន់ការស្ដាប់សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃស្អែកពាក់ព័ន្ធនឹងការចោទប្រកាន់ថាគាត់បានភូតកុហកតុលាការថាមានជំងឺនៅពេលជាប់ពន្ធនាគារ។
យន្តហោះឯកជន១គ្រឿងបានដឹកលោកថាក់ស៊ីនទៅដល់បាងកកនៅម៉ោង២:៥៥រសៀល។ ការធ្វើដំណើរលើកនេះមានចម្ងាយ១២០០០គីឡូម៉ែត្រ។ កាលពីយប់ថ្ងៃព្រហស្បតិ៍រាងក្បាលព្រលប់បន្តិចទៅហើយ លោកថាក់ស៊ីនបានចាកចេញដំណើរពីបាងកក។ មុនដំបូង គាត់ថាគាត់ប្រុងជិះយន្តហោះទៅសិង្ហបុរី។ ប៉ុន្តែត្រូវបង្ខំចិត្តបង្ហួសដំណើរកាត់សមុទ្រអាន់ដាម៉ាន់ និងមហាសមុទ្រឥណ្ឌាសំដៅទៅទីក្រុងឌូបៃជំនួសវិញ។
លោកថាក់ស៊ីនបកស្រាយមូលហេតុដែលលោកមិនទៅសិង្ហបុរីព្រោះពេលនោះពេលយប់ជ្រៅ។ ដូច្នេះព្រលានយន្តហោះឯកជនបានបិទទ្វារអស់ទៅហើយ។ ម៉្លោះហើយមិនដឹងធ្វើម៉េចទេ មានតែបង្ហួសដំណើរទៅឌូបៃសិនហើយ។ នៅទីនោះក៏មានគ្រូពេទ្យឆ្អឹង និងសរសៃចាំជួយពិនិត្យ-ព្យាបាលសុខភាពរបស់លោកផងដែរ។ ម៉្យាងទៀត នៅទីនោះ គាត់មានឱកាសជួបមិត្តសម្លាញ់ម្នាក់ដែលបែកគ្នាយូរហើយ។
ឥឡូវនេះ ថាក់ស៊ីនកំពុងរង់ចាំស្ដាប់ការប្រកាសសាលក្រមរបស់តុលាការព្រហ្មទណ្ឌ។ គាត់អាចនឹងជាប់ពន្ធនាគារជាច្រើនឆ្នាំបើតុលាការរកឃើញកំហុសដូចការចោទប្រកាន់។ កាលពីខែមេសា តុលាការចាប់ផ្ដើមស៊ើបអង្កេតករណីលោកថាក់ស៊ីនស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារនោះដើម្បីកំណត់ថាតើលោកពិតជាឈឺមែន ឬធ្វើជាពុតជាឈឺដើម្បីគេចពីការជាប់ពន្ធនាគារ។ ថ្នាក់នៅក្នុងមន្ទីរពេទ្យបាន៦ខែ មេធាវីរបស់គាត់ក៏ស្នើសុំឱ្យកូនក្ដីនៅក្រៅឃុំដោយយោងទៅលើហេតុផលបីយ៉ាង ១-គាត់មានជំងឺ, ២-គាត់មានវ័យចាស់ជរា និង៣-គាត់បានអនុវត្តទោសគ្រប់ចំនួនកំណត់ដែលអាចនៅក្រៅឃុំបាន។ នេះបើយោងតាមប្រភពពីអេស៊ា នីកេ (Asia Nikkei) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ