ទីក្រុងប៉េកាំង៖ ថ្ងៃនេះ ក្រសួងការបរទេសចិនមានសារនយោបាយមួយពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាជប៉ុនម្នាក់ឈ្មោះសេគីហេ (Seki Hei) ដែលមានឈ្មោះជាភាសាចិនថាស៊ីភីង (Shi Ping)។ គាត់មានដើមកំណើតជាជនជាតិចិន ហើយក្រោយមកបានចូលសញ្ជាតិជប៉ុន។ គាត់តែងតែរិះគន់ឥតបណ្ដាក់មាត់ចំពោះនយោបាយរបស់បក្សកុម្មុយនិស្តចិន។ ក្រសួងការបរទេសចិនចាត់ទុកវិធានការរបស់រដ្ឋាភិបាលខ្លួនទៅលើលោកស៊ីភីងជា «ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងជាការព្រមានទៅអ្នកដទៃទៀត»។
អ្នកនាំពាក្យចិនថ្លែងថាលោកស៊ីភីងបានផ្សព្វផ្សាយភាសាភូតកុហកធ្វើឱ្យសាធារណជនយល់ច្រឡំជាយូរមកហើយពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់, កោះទាវយូ (Diaoyu) (ជប៉ុនហៅស៊ីនកាគូ (Shenkaku)), បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង, បញ្ហាទីបេ និងហុងកុង។ល។ ចិនយល់ថានេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើឱ្យប៉ះពាល់អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។
ដូច្នេះចាប់ពីថ្ងៃចន្ទតទៅប្រទេសចិនសម្រេចបង្កកទុកទ្រព្យសម្បត្តិរបស់លោកស៊ីភីងនៅប្រទេសចិន (ប្រសិនបើមាន) ហើយនឹងហាមឃាត់ជនជាតិចិនជារូបវ័ន្តបុគ្គលក្ដី ឬជានីតិបុគ្គលក្ដីមិនត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយលោកស៊ីភីង ឬមិនត្រូវបង្កើតកិច្ចសហការ និងចូលរួមធ្វើសកម្មភាពរួមគ្នាជាមួយគាត់ទេ។ លោកស៊ីភីង និងគ្រួសាររបស់គាត់នឹងមិនទទួលបានទិដ្ឋាការដើម្បីធ្វើដំណើរចូលប្រទេសចិន, ហុងកុង ឬម៉ាកាវជាដាច់ខាត។
លោកស៊ីភីងចូលរួមជីវភាពនយោបាយជាមួយគណបក្សនាវានុវត្ត៍និយម និងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាកាលពីខែកក្កដា។ យុទ្ធនាការនយោបាយរបស់គណបក្សនេះគឺវាយប្រហារនយោបាយរបស់ចិន, បញ្ហាអន្តោប្រវេសន៍ និងបញ្ហាអធិបតេយ្យភាពជាតិ។ ប្រតិកម្មចំពោះការដាក់ទណ្ឌកម្មនេះ លោស៊ីភីងបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាលោកគ្មានទ្រព្យសម្បត្តិនៅប្រទេសចិនទេ ហើយក៏គ្មានបំណងធ្វើដំណើរទៅប្រទេសចិននោះដែរ៕
ចែករំលែកព័តមាននេះ