អង្គការអុកស្វាម(OXFAM)និយាយថា ក្រុមហ៊ុនផលិតភេសជ្ជៈ និងម្ហូបអាហារជាច្រើននៅលើពិភពលោកកំពុងចាត់វិធានការដើម្បីពង្រឹងផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថានមកលើបណ្តាប្រទេសក្រីក្រ បើទោះបីជានៅតែមានការងារច្រើនទៀតត្រូវធ្វើក៏ដោយ ។
អង្គការOxfamបានចាប់ផ្តើមយុទ្ធនាការ«ខាងក្រោយស្លាកសញ្ញា»កាលពីមួយឆ្នាំមុនដើម្បីសាកល្បងធ្វើការវាយតម្លៃផលប៉ះពាល់ពិតប្រាកដរបស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈមកលើបណ្តាប្រទេសទាំងឡាយដែលជាប្រភពនៃវត្ថុធាតុដើម ជាពិសេសផ្តល់នូវការប្រឹងប្រែងជាសាធារណៈឈានទៅដល់ស្ថិរភាព ។
អង្គការនេះនិយាយថា ក្រុមហ៊ុនទាំងឡាយដែលខ្លួនបានផ្តល់ចំណាត់ថ្នាក់ថាមានទំនួលខុសត្រូវបំផុតមានដូចជា ក្រុមហ៊ុនNestle, Unilever,និង Coca-Cola ដែលក្រុមហ៊ុនទាំងនេះបានបន្តនាំមុខគេ ខណៈដែលក្រុមហ៊ុនGeneral Millsបានជំនួសតំណែងក្រុមហ៊ុនAssociated British Foodsពីចំណាត់ថ្នាក់ចុងក្រោយ ។
បណ្តាក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈជាច្រើនបានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះការទទួលយកវត្ថុធាតុដើមរបស់គេ ហើយគិតគូរពីបញ្ហាជាច្រើនរាប់ចាប់ពីកម្លាំងពលកម្មកុមារនៅក្នុងកសិដ្ឋានដើមកាកាវ រហូតដល់ផលប៉ះពាល់នៃចម្ការដូងប្រេងមកលើព្រៃទឹកភ្លៀងជាដើម ។
អង្គការអុកស្វាមនិយាយថា យុទ្ធនាការរបស់ខ្លួនត្រូវបានជួយដោយអ្នកប្រើប្រាស់រាប់ពាន់នាក់រួមជាមួយនឹងសារជាច្រើនដែលអំពាវនាវឲ្យចាត់វិធានការក៏ដូចជាសេចក្តីថ្លែងការណ៍រួមពីមូលនិធិវិនិយោគចំនួន៣១ដែលតំណាងឲ្យទ្រព្យសកម្មជិត១,៥លានលានដុល្លារ ដែលរំលឹកឡើងវិញនូវការទាមទាររបស់អង្គការអុកស្វាម ។
អុកស្វាមបន្តទៀតថា ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈធំបំផុតទាំង១០ដែលខ្លួនបានសិក្សាមានផលប៉ះពាល់ខ្លាំងព្រោះថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់គេជាង៤៥០ពាន់លានដុល្លារ គឺស្មើនឹងប្រាក់ចំណូលជាតិរបស់ប្រទេសដែលមានប្រាក់ចំណូលទាបទាំងអស់នៅលើពិភពលោកបូកបញ្ចូលគ្នា ។
ខាងក្រោមនេះជាបណ្តាក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈទាំង១០ ដែលអង្គការអុកស្វាមចាត់ចំណាត់ថ្នាក់មានដូចជា ក្រុមហ៊ុនNestleជាប់ចំណាត់ថ្នាក់លេខ១ ក្រុមហ៊ុនUnileverជាប់ចំណាត់ថ្នាក់លេខ២ ក្រុមហ៊ុនCoca-Colaជាប់ចំណាត់ថ្នាក់លេខ៣ ក្រុមហ៊ុនMondelez International និងPepsi Coជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមហ៊ុនMars និងDanone ជាប់លេខ៦ ក្រុមហ៊ុនKellog Coជាប់ចំណាត់ថ្នាក់លេខ៨ ក្រុមហ៊ុនAB Foodsជាប់ចំណាត់ថ្នាក់លេខ៩ ហើយក្រុមហ៊ុនGeneral Mills ជាប់ចំណាត់ថ្នាក់លេខ១០ ៕
ចែករំលែកព័តមាននេះ