បរទេស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នៅក្នុងការជួញដូរព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក និងបណ្តាវិនិយោគិនកំពុងបង្ហាញក្តីរំពឹងខ្ពស់ សម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) នៅក្នុងខែនេះ។
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៣ ៥០៨ដុល្លារក្នុង១អោន ឬ ៤ ២២៦ដុល្លារក្នុង១តម្លឹង មុនពេលធ្លាក់មកនៅត្រឹម ៣ ៤៩៣ដុល្លារក្នុង១អោន ឬ ៤ ២០៨ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា (ម៉ោងនៅកម្ពុជា)។ តម្លៃកំណត់ត្រាខ្ពស់បំផុតពីមុន ៣ ៥០០ដុល្លារក្នុង១អោន ឬ ៤ ២១៦ដុល្លារក្នុង១តម្លឹង កាលពីខែមេសាកន្លងទៅ។
អ្នកវិភាគទីផ្សារហិរញ្ញវត្ថុរបស់គេហទំព័រ Capital.com បានលើកឡើងថា កត្តាសេដ្ឋកិច្ចកាន់តែខ្សោយ និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់អាមេរិកកំពុងជំរុញតម្លៃលោហៈធាតុមាសកើនឡើងរហូតបំបែកកំណត់ត្រា។ កត្តាមួយទៀត កើតចេញពីវិបត្តិទំនុកចិត្តរបស់វិនិយោគិនពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ដោយសារតែឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លើឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក។ លោក ត្រាំ បានរិះគន់ទាំងធនាគារកណ្តាលអាមេរិក និងលោក Jerome Powell ដែលជាប្រធាន អស់រយៈពេលជាច្រើនខែមកហើយ សម្រាប់ការមិនព្រមទម្លាក់អត្រាការប្រាក់។
វិនិយោគិនបច្ចុប្បន្នកំពុងបង្ហាញក្តីរំពឹងខ្ពស់ដល់ ៩០% ថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន ២៥ ពិន្ទុ នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។
ការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ និងការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក បានថ្លឹងថ្លែងបន្ថែមទៀតលើប្រាក់ដុល្លារអាមេរិក ដែលកំពុងធ្លាក់ចុះជិតដល់កម្រិតទាបបំផុតជាង១ខែ ធៀបនឹងរូបិយប័ណ្ណជាគូប្រជែងរបស់ខ្លួន ដែលបានធ្វើឱ្យមាសមានតម្លៃថោកសម្រាប់អ្នកទិញនៅបរទេស។ ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារ និងការរំពឹងទុកពីទិន្នន័យទីផ្សារការងាររបស់សហរដ្ឋអាមេរិក ក៏ជះឥទ្ធិពលលើកំណើនតម្លៃមាសអន្តរជាតិផងដែរ៕


ចែករំលែកព័តមាននេះ