ពន្ធគយរបស់លោក ត្រាំ អាចជួយអាមេរិករកចំណូលបានដល់១ទ្រីលានដុល្លារក្នុងឆ្នាំនេះ
សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានថ្លែងថា…
សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានថ្លែងថា…
សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានថ្លែងថា ប្រាក់ចំណូលបានមកពីការអនុវត្តពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងកើនឡើងលើស៥០០ពាន់លានដុល្លារ ឬអាចឈានដល់១ទ្រីលានដុល្លារក្នុងឆ្នាំនេះ ជាមួយការកើនឡើងយ៉ាងខ្លាំងពីខែកក្កដាដល់ខែសីហា ហើយទំនងជាកើនឡើងកាន់តែច្រើនថែមទៀតនៅក្នុងខែកញ្ញាខាងមុខ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
ថ្លែងប្រាប់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់សេតវិមាន លោក Bessent បានលើកឡើងថា ការប៉ាន់ប្រមាណពីមុនរបស់លោកពីតួលេខចំណូលបានមកពីការប្រមូលពន្ធប្រចាំឆ្នាំ២០២៥ ចំនួន ៣០០ពាន់លានដុល្លារ គឺជាចំនួនទាបពេកហើយ។ លោកបាននិយាយថា «ការប្រមូលពន្ធកើនឡើងយ៉ាងខ្លាំងពីខែកក្កដាដល់ខែសីហា ហើយខ្ញុំគិតថា យើងនឹងឃើញការកើនឡើងដ៏ច្រើនថែមទៀតពីខែសីហាដល់ខែកញ្ញា។ ដូច្នេះខ្ញុំគិតថា យើងអាចស្ថិតលើផ្លូវឈានទៅប្រមូលចំណូលដល់ជាងកន្លះទ្រីលានដុល្លារ (ជាង៥០០ពាន់ដុល្លារ) ហើយប្រហែលជាលោតទៅដល់១ទ្រីលានដុល្លារ»។
ប្រាក់ចំណូលពន្ធនឹងដើរតួយ៉ាងសំខាន់ប៉ះប៉ូវដល់ការកើនឡើងឱនភាពថវិការដ្ឋាភិបាលអាមេរិកដែលបង្កឡើងដោយច្បាប់កាត់បន្ថយពន្ធ និងការចំណាយដ៏ខ្ពស់របស់គណបក្សសាធារណរដ្ឋ ដែលត្រូវបានអនុម័តនៅឆ្នាំនេះ។ ការិយាល័យថវិកាសភាសហរដ្ឋអាមេរិក ហៅកាត់ថា CBO បានប៉ាន់ប្រមាណថា ច្បាប់ទាំងនេះនឹងបង្កើនឱនភាពថវិកាចំនួន ៣,៤ទ្រីលានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ការប្រមូលពន្ធនៅក្នុងខែកក្កដារបស់សហរដ្ឋអាមេរិកបានកើនឡើងជិត ២១ពាន់លានដុល្លារពីចំនួនត្រឹមតែ ៧ពាន់លានដុល្លារដែលប្រមូលបានក្នុងខែកក្កដា កាលពីឆ្នាំមុន ហើយប្រហាក់ប្រហែលនឹងការកើនឡើងចំនួន ២០ពាន់លានដុល្លារ ដែលបានចុះបញ្ជីនៅក្នុងខែមិថុនាកន្លងទៅ។ ការកើនឡើងគួរឱ្យកត់សម្គាល់នៃអត្រាពន្ធសម្រាប់ដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិកបានចាប់ផ្តើមនៅថ្ងៃទី៧ ខែសីហា។
លោក Bessent ក៏បានលើកឡើងផងដែរនូវរបាយការណ៍កែសម្រួលរបស់ CBO កាលពីពេលថ្មីៗនេះ ដែលយោងទៅតាមចំណូលពីការប្រមូលពន្ធថ្មីរបស់លោក ត្រាំ អាចជួយកាត់បន្ថយឱនភាពថវិកាដល់ ៤ទ្រីលានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ ដែលខ្ពស់ជាងការព្យាករណ៍កាលពីខែមិថុនាកន្លងទៅ ដែលមានត្រឹមតែ ៣ទ្រីលានដុល្លារប៉ុណ្ណោះ។ លោក Bessent បានបន្ថែមថា «ខ្ញុំរំពឹងថាចំនួននោះអាចកើនឡើងលើសពីនេះ»៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ