ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ឡេ​ស្តេ ថាស​ម្តេច​ជា​អ្នក​សន្តិភាព​និយម

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ថាសម្តេច គឺជា​អ្នក​សន្តិភាព​និយម ហើយ​ជាក់ស្តែង​បន្ទាប់​ពី​ស្វែង​រកបាន​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ថាសម្តេច គឺជា​អ្នក​សន្តិភាព​និយម ហើយ​ជាក់ស្តែង​បន្ទាប់​ពី​ស្វែង​រកបាន​សន្តិភាព ពេល​លេញ​ជូន​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែសីហា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​ ថ្មី​ប្រចាំ​កម្ពុជា និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​ ។

ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះឯកឧត្តម Marcos dos Reis da Costa ដែល​ត្រូវ​បាន​តែងតាំង​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ទី​ម័​រ​ឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ហើយ​វត្តមាន​ដ៏​ឆាប់រហ័ស​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា បន្ទាប់​ពី​ការ​ចាកចេញ​របស់​ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​ចាស់ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ទី​ម័​រ​ឡេ​ស្តេ ​មក​លើ​កម្ពុជា​ ។

សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ទី​ម័​រ​ឡេ​ស្តេ ជា​ពិសេស​ឯកឧត្តម José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និង លោក​ជំទាវ Maria Fernanda Lay ដែល​បាន​ទទួល​ស្វាគមន៍ និង​ផ្តល់​ នូវ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ ជូន​សម្តេច ក្នុងអំឡុងពេល​ទស្សនកិច្ច​កាលពី​ខែឧសភា​កន្លង​ទៅ​នេះ ​។

នា​ឱកាស​ជំនួប​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ផ្តល់​កិត្តិយស​ដល់​ឯកឧត្តម​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ​។ ឯកឧត្តម បាន​ពាំនាំ​ នូវ​សារ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​របស់​ឯកឧត្តម ជូន​សម្តេច​តេ​ជោ​។
ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​សារ​ជា​ពិសេស​របស់ឯកឧត្តម Kay Rala Xanana Gusmão ដែល​ថា “​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ចង​ចាំ​មិន​ភ្លេច​ នូវ​អនុសាសន៍​របស់​សម្តេច ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ​”​។ ក្នុង​នាម​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ ឯកឧត្តម បាន​សម្តែង​ នូវ​ការ​ដឹងគុណ និង​អរគុណ​បំផុត​ចំពោះ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​សម្តេច​តេ​ជោ ក្នុង​ដំណើរការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្តេ ​។

ឯកឧត្តម ​ឯកអគ្គរដ្ឋទូត បាន​ប្រសិទ្ធ​នាម​សម្តេច​តេ​ជោ ​ថា ​ជា​វីរបុរស ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ ហើយ​ឯកឧត្តម មាន​កិត្តិយស ដែល​បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា និង​ចូលរួម​ចំណែក​បន្ត ​កសាង​នូវ​មិត្តភាព​យូរអង្វែង​របស់​ប្រទេស​យើង​ទាំង​ពីរ​។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​សំណើ​របស់​លោក​ជំទាវ Maria Fernanda Lay ប្រធាន​សភាជាតិ​ទី​ម័​រ​ឡេ​ស្តេ ក្នុង​ការ​បង្កើត​ឱ្យ​មាន​ក្រុម​ទំនាក់ទំនង​មិត្តភាព​ អន្តរ​សភា​រវាង​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ ​។

ជា​កិច្ច​ឆ្លើយ​តប សម្តេច​តេ​ជោ បាន​ថ្លែង​អរគុណ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ចំពោះ​សារ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​បាន​គូសបញ្ជាក់​ថា សម្តេចមាន​សេចក្តី​រីករាយ​ក្នុង​ការ​ចែករំលែក​បទ​ពិសោធ​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក​សន្តិភាព ជា​ពិសេស​ការ​ធ្វើ​ការងារ​ជាមួយ UNTAC​។ សម្តេច​តេ​ជោ បាន​បន្ត​រំលឹក​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​បទ​ពិសោធ​របស់​កម្ពុជា ​ដើម្បី​ចូល​ជា​សមាជិក​អាស៊ាន ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ទី​ម័​រ​ឡេ​ស្តេ បាន​ប្រើ​ពេល ១៤​ឆ្នាំ ក្នុង​ការ​រង់ចាំ​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​។ សម្តេច​តេ​ជោ បាន​បន្ត​ថា នៅ​ពេល​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​ប្រមាណ ២៩៨​ដុល្លារ​ប៉ុណ្ណោះ ក្នុង​ខណៈ​ពេល​ដែល​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​ទី​ម័​រ​ឡេ​ស្តេ​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​ប្រមាណ ១,៤៥៣​ដុល្លារ​។ ហេតុនេះ ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្តេ មិនមែន​ជា​បន្ទុក​លើ​អាស៊ាន​នោះ​ទេ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបី​សម្តេច ចាក​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី សម្តេច​មាន​មោទនភាព​ ដែលកម្ពុជា​បន្ត​ខិតខំ​ប្រឹងប្រែង​ចលនា​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ដើម្បី​ជំរុញ​គាំទ្រ​ទី​ម័​រ​ឡេ​ស្តេ ​ចូល​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​ ។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា ចំពោះ​ទំនាក់ទំនង​ទ្វេភាគី យើង​ត្រូវ​ខិតខំ​បន្ត​ជំរុញ​បន្ថែម​ទៀត កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទៅ​វិញ​ទៅ​មក តាម​រយៈ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទី​ម័​រ​ឡេ​ស្តេ សំដៅ​ធ្វើ​ឱ្យ​ទំនាក់ទំនង​យើង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។ សម្តេច​តេ​ជោ បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា ទី​ម័​រ​ឡេ​ស្តេ នឹង​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ទៀត បន្ទាប់​ពី​ចូល​ជា​សមាជិក​អាស៊ាន​។

សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា សម្តេច គឺជា​អ្នក​សន្តិភាព​និយម ហើយ​ជាក់ស្តែង​បន្ទាប់​ពី​ស្វែង​រកបាន​សន្តិភាព​ពេល​លេញ​ជូន​កម្ពុជា សម្តេច ក៏​បាន​ដាក់​ចេញ​នូវ​គោលដៅ​ពីរ​សំខាន់​គឺ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ តួយ៉ាង​ព្រំដែន​កម្ពុជា​ជាមួយ វៀតណាម និង​ឡាវ​ជាដើម​។

សម្តេច​តេ​ជោ បាន​ជូនពរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​សហការី សម្រេច​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​កិច្ច​សហប្រតិបត្តិការ​ល្អ​នៃ​ប្រទេស​យើង​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ