ពិធីបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ សីហានេះ បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ សីហានេះ បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ សីហានេះ បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ដោយមានការឈ្លានពានពីទាហានថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃពិសេសនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ បានធ្វើឲ្យសាលារៀនមួយចំនួន ត្រូវបានបិទទ្វារ ដែលធ្វើឱ្យការប្រឡងបញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ត្រូវបានពន្យារពេល។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ សីហា តែឆ្នាំនេះ យើងបានពន្យាពេលសម័យប្រឡងមក នៅថ្ងៃទី២៨ ខែសីហាវិញ ។
ឯកឧត្ដមបន្តថា ដោយសារខេត្ត២ បានប្រឈមទៅនឹងការឈ្លានពានរបស់កងទ័ពថៃ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមណ្ឌលប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា១០០គីឡូម៉ែត្រ ពីព្រំដែន ហើយសម្រាប់ខេត្តឧត្ដរមានជ័យ យើងក៏បានដាក់មណ្ឌលប្រឡងនៅក្នុងស្រុកពួកខេត្តសៀមរាប ជាមួយនឹងការគិតគូរដល់បេក្ខជនពីការស្នាក់នៅ និងកាជួយឧបត្ថម្ភដល់បេក្ខជនផងដែរ។
ឯកឧត្តម ក៏បានថ្លែង នូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជននានា ដែលបានជួយឧបត្ថម្ភទៅដល់ជនភៀសសឹក និងសិក្សានុសិស្ស នៅពេល ដែលចោរសៀមឈ្លានពាន។ នេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏បានបង្ហាញឲ្យឃើញពីការគាំទ្រ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដី ដោយមិនឲ្យបាត់បង់ដីមួយមីលីម៉ែត្រណាឡើយ ។
ឯកឧត្ដម បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានឧបត្ថម្ភការស្នាក់នៅរបស់បេក្ខជន ចំនួន៤កន្លែង នៅខេត្តឧត្ដរមានជ័យ និង២កន្លែងទៀត នៅខេត្តព្រះវិហារ ដោយផ្ដល់ថវិកាគាំទ្រ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ។
ឯកឧត្តម ក៏បានបន្ថែមទៀតថា ក្នុងរយៈពេល១២ឆ្នាំ ចុងក្រោយនេះ ប្រាក់ខែ គ្រូបង្រៀន បានកើនឡើងដល់ជិត៣ដង។ ជាមួយគ្នានោះដែរ សិស្ស ដែលមាននិន្ទេស A B និង C បានចូលធ្វើជាគ្រូបង្រៀនប្រមាណ៧៥% នេះបង្ហាញឲ្យឃើញពីអ្នកមានសមត្ថភាព ចូលធ្វើជាគ្រូបង្រៀន។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកសាងអគារសិក្សា បានចំនួន ៤,៥០០អគារ ហើយអគារដែលសាងសង់ដោយក្រសួងអប់រំ យុវជន និងកីឡា មានប្រមាណ ១,០០០អគារ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា យុវជនយើងបច្ចុប្បន្ននេះ ពិតជាមានសមត្ថភាពល្អប្រសើរជាងមុន ដោយយើងបានរៀបចំជាសាលាគំរូ។ ពាក់ព័ន្ធនឹងសាលាគំរូ នេះដែរ យើងនឹងរៀបចំឲ្យមានសាលាគំរូនេះពី៥០០ ទៅ១០០០សាលា នៅឆ្នាំ២០២៨ខាងមុខ។ សាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ សិស្សានុសិស្ស ពិតជាមានសមត្ថភាព មិនចាញ់សិស្សនៅសិង្ហបុរីនោះទេ ពេលខ្លះសិស្សរបស់យើងមានសមត្ថភាពខ្លាំងជាងសិស្សនៅសង្ហបុរី ទៀតផង ពិសេសគឺសិស្សនារី ហើយសូម្បីតែការនិយាយភាសា ក៏មានលក្ខណៈល្អប្រសើរជាងសិស្សនៅសិង្ហបុរីដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានមានប្រសាសន៍ផងដែរថា សម្រាប់សហភាពសហពន្ធ័យុវជនកម្ពុជា តែងបានសហការ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបមណ្ឌលប្រឡងដោយបានជួយសម្របសម្រួលដល់ការស្នាក់នៅរបស់បេក្ខជនប្រឡងជាមួយនឹងដាក់កម្លាំង ការពារម៉ូតូ កង់របស់បេក្ខជន កុំឲ្យពួកគាត់មានការព្រួយបារម្ភពីការបាត់បង់ ។
ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចឱ្យ ផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ។ ផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មនានា ជុំវិញបរិវេណមណ្ឌលប្រឡង និងមិនតម្រូវឱ្យបង់ប្រាក់សម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡងឡើយ ៕
ចែករំលែកព័តមាននេះ