ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​៖ ​ការ​ប្រឡង​(​បាក់​ឌុ​ប​)ថ្ងៃ​ទី​១ ​ដំណើរការ​រលូន​ល្អ ទោះបី​ខេត្ត​៨​ មាន​ភ្លៀង​ធ្លាក់ និង​បេក្ខជន​អវត្តមាន​ជិត​២​ពាន់​នាក់

1 នាទី មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ​បាន​បញ្ជាក់​ថា​ ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់​ឌុ​ប​) ​ថ្ងៃ​ទី​១​ បាន​ប្រព្រឹត្តិ​ទៅ​រលូន​ល្អ​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ​បាន​បញ្ជាក់​ថា​ ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់​ឌុ​ប​) ​ថ្ងៃ​ទី​១​ បាន​ប្រព្រឹត្តិ​ទៅ​រលូន​ល្អ​ ទោះបី​មាន​ខេត្ត​ចំនួន​៨​ មាន​ភ្លៀង​ធ្លាក់​ក្តី និង​មាន​បេ​ក្ខ​អ​វត្ត​មា​ប​ជិត​ ២​ពាន់​នាក់​ ។

ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ដំណើរការ​សំ​ណេ​រ​នា​ថ្ងៃ​ទី​១ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ ។

ក្នុង​ដំណើរការ​សំ​ណេ​រ ​នា​ព្រឹក​ថ្ងៃ​ទី​១ មាន​២​មុខ​វិជ្ជា​គឺ​៖ ប្រវត្តិវិទ្យា និង​ជីវវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ផែនដី​ និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​។ ដោយឡែក​ នា​រសៀល​ថ្ងៃ​ទី​១​នេះ ​មាន​២​មុខ​វិជ្ជា ​គឺ​៖ គីមីវិទ្យា និង​ភាសាបរទេស (​ថ្នាក់​វិទ្យាសាស្ត្រ​) និង​ភូមិវិទ្យា និង​ភាសាបរទេស (​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​) ​។

ក្រសួង ​បាន​លើក​ឡើង​ថា បើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​នៅ​រាជធានី​ខេត្ត​ ចំនួន​៨ ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ស្ទឹង​ត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះ​វិហារ និង​ខេត្តកំពង់ស្ពឺ និង​ដោយ​អន្លើ ​នៅ​ខេត្តកំពង់ចាម ប៉ុន្តែ​ដំណើរការ​សំ​ណេ​រ​នៅ​តែ​មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពីគណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយ​មានការ​ចូលរួម​សហការ​ដោយសហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ។

បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​ នៃ​ការ​ប្រឡង ព្រមទាំង​បាន​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ដោយ​គ្មាន​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ឡើយ តែ​មាន​ករណី​ដក​ទូរ​សព្ទ​ពី​បេក្ខជន​មាន​ចំនួន​១​ករណី​ នៅ​ក្នុង​ខេត្តសៀមរាប​។ គណៈមេប្រយោគ​ប្រព្រឹត្ត​បទល្មើស និង​ត្រូវ​បាន​ធ្វើ​របាយការណ៍​ពិសេស​ចំនួន​២​ករណី ​។

របាយការណ៍​បឋម ​ដែល​ទទួល​បាន​ពី​មណ្ឌល​ប្រឡង ​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​អវត្តមាន​ចំនួន​ ១,៨១៣​នាក់ (​ស្រី​៧២៦​នាក់​) ស្មើនឹង ​១,២២​ភាគរយ បេក្ខជនស្វ័យរិន​ ចំនួន​១,៤៨៣​នាក់ (​ស្រី​៥៧៥​នាក់​) បេក្ខជន​ចំណេះ​ទូទៅ​ចំនួន ​៣៣០​នាក់ (​ស្រី​១៥១​នាក់​)​។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​៨៥​នាក់ ហើយ​ដាក់​ឱ្យ​ប្រឡង​ដាច់​ដោយឡែក​២៦​នាក់ ហើយ​បាន​បន្ត​ការ​ប្រឡង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល​។ បេក្ខជន​ ដែល​បោះបង់​ការ​ប្រឡង ដោយសារ​បញ្ហា​សុខភាព​មាន​ចំនួន​២​នាក់​។ នៅ​ថ្ងៃនេះ​បេក្ខជន​មាន​ជំងឺគ្រុនឈាម​ មាន​ចំនួន​៩​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់ ដោយឡែក​គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​៣៥​នាក់​ ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង ​។

ដោយសារ​បញ្ហា​ព្រំដែន សម្រាប់​បេក្ខជន​មក​ពី​ខេត្តឧត្ដរមានជ័យ ត្រូវ​បាន​រៀបចំ​ការ​ប្រឡង​នៅ​ស្រុក​ពួក ខេត្តសៀមរាប ដែល​មាន​ចំនួន​៣​មណ្ឌល សរុប​៧២​បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​១៣​បន្ទប់ វិទ្យាសាស្ត្រ​សង្គម​ចំនួន​៥៩​បន្ទប់​។ សម្រាប់​បេក្ខជន​ប្រឡង​មកពីខេត្ត​ឧត្ដរ​មានជ័យ និង​ព្រះ​វិហារ ចំនួន​៦​នាក់ ​ដែល​បាន​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ កំពង់ស្ពឺ ពោធិ៍សាត់ និង​បាត់ដំបង មាន​វត្តមាន​ក្នុង​ការ​ប្រឡង​ធម្មតា ដោយ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៤៦,៧២០ នាក់ (​ស្រី ៨១,៤៤២ នាក់​) ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤០,៦៧៨ នាក់ (​ស្រី ២៤,៥១៩ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១០៦,០៤២ នាក់ (​ស្រី ៥៦,៩២៣ នាក់​)​។ បេក្ខជន​ត្រូវ​បាន​រៀបចំ ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់ ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស​។ មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប ២៤១ មណ្ឌល ត្រូវជា ៥,៩២៤ បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧២ មណ្ឌល ត្រូវជា ១,៦៥៥ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩ បន្ទប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ