ប្រទេសហ្វីលីពីន ៖ តាមប្រភពពីសារព័ត៌មាន Politiko របស់ហ្វីលីពីន កាលពីពេលថ្មីៗនេះបានឱ្យដឹងថា បងប្អូនប្រុសពីរនាក់ដែលជាសមាជិកសភាហ្វីលីពីន គឺលោក Rufus Rodriguez តំណាងសង្កាត់ទី ២ នៃទីក្រុង Cagayan de Oro កោះ Mindanao និងលោក Maximo Rodriguez Jr. មកពីគណបក្ស Abante Mindanao (ABAMIN) បានស្នើច្បាប់មួយ ដើម្បីដាក់ទោសលើការផ្សព្វផ្សាយព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមប្រភពពីសារព័ត៌មានវៀតណាម Tuoi Tre ចេញផ្សាយកាលពីថ្ងៃ២៨ ខែសីហា កន្លងទៅ។
ច្បាប់ House Bill លេខ ៣៧៩៩ ដែលត្រូវបានស្គាល់ថា «ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត» ត្រូវបានស្នើឡើងឱ្យផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ ទៅ ១២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៥០ម៉ឺន ទៅ ២លានប៉េសូ ឬស្មើជាង ៨ ៧៥៨ ទៅដល់ ៣៥ ០០០ដុល្លារអាមេរិក សម្រាប់បុគ្គលដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត។
សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានជូនសភាហ្វីលីពីនដើម្បីត្រួតពិនិត្យ ដោយបានសង្កត់ធ្ងន់ថា ការរីករាលដាលព័ត៌មានមិនពិត ពិសេសតាមរយៈវេទិកាឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI បានក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តសាធារណ ស្ថាប័នប្រជាធិបតេយ្យ និងស្ថិរភាពជាតិ។ លោកទាំងពីរបានបន្ថែមថា ខណៈពេលដែលសេរីភាពនៃការបញ្ចេញមតិត្រូវបានធានានៅក្រោមរដ្ឋធម្មនុញ្ញ សិទ្ធិនេះមិនមានលក្ខណៈដាច់ខាតទេ ជាពិសេសនៅពេលដែលសុន្ទរកថាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ ឬសន្តិសុខជាតិ។
ការស្នើរួមមាន ព័ត៌មានមិនពិតដែលបំផ្លាញសន្តិសុខជាតិ ឬទំនាក់ទំនងការទូត រំខានដល់ការបោះឆ្នោត ការឆ្លើយតបពាក់ព័ន្ធគ្រោះមហន្តរាយ ឬត្រូវបានប្រព្រឹត្តដោយមន្ត្រីសាធារណៈ អ្នកសារព័ត៌មាន ឬបុគ្គលមានឥទ្ធិពលដែលមានអ្នកតាមដានជាង ៥ម៉ឺននាក់ ដែលកេងចំណេញលើវេទិការបស់ពួកគេដោយចេតនា។
ដើម្បីធានាបាននូវគណនេយ្យភាព គណៈកម្មាធិការត្រួតពិនិត្យរួមនៃសភាហ្វីលីពីននឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ ពិនិត្យមើលនីតិវិធីអនុវត្តចំពោះការរំលោភបំពានដែលអាចកើតមាន និងបញ្ជូនរបាយការណ៍ដែលណែនាំអំពីការកែប្រែ ឬលុបចោលប្រសិនបើចាំបាច់៕ ដកស្រង់ ៖ Tuoi Tre និង PNA

ចែករំលែកព័តមាននេះ