ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ក្រុង​ស្រុក​ខណ្ឌ គោលដៅ​ចំនួន​១៩០ ទូ​ទាំង​ប្រទេស

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ​២០២៥ ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ចំនួន​១៩០ នៃ​រាជធានី ខេត្ត​ចំនួន​២៥ ។…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ​២០២៥ ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ចំនួន​១៩០ នៃ​រាជធានី ខេត្ត​ចំនួន​២៥ ។

លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) សហការ​ជាមួយនឹង​រដ្ឋបាល​ខេត្តកណ្តាល និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ បាន​រៀបចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​អំពី​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម និង​កា​រវិ​ភាជន៍​ថវិកា គាំទ្រ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​ខេត្តកណ្តាល ។

កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យ​ក្រសួង ស្ថាប័ន សមាជិក សមាជិកា នៃ​ក្រុមការងារ​គណនេយ្យ​ភាព​សង្គម​ថ្នាក់​ខេត្ត រាជធានី និង​អ្នក​ពាក់ព័ន្ធ បាន​សិក្សា​ស្វែង​យល់​អំពី​ការ​អនុវត្ត​ល្អ​ៗ និង​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​ការងារ​គណនេយ្យ​ភាព​សង្គម និង​ដំណើរការ នៃ​កា​រវិ​ភាជន៍​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

កម្មវិធី​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ក្នុង​ការ​គិតគូរ​អំពី​ការ​ធានា នូវ​និរន្តរភាព នៃ​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ឃុំ សង្កាត់ ក្រោយ​ពេល​ការ​ដកថយ​របស់​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ី​វិល តាម​រយៈ​ការ​បញ្ជ្រាប​ការងារ​គណនេយ្យ​ភាព​សង្គម​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពិតជា​បាន​បែងចែក​ថវិកា​សម្រាប់​គាំទ្រ​ដំណើរការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម សំដៅ​ធានា​នូវ​និរន្តរភាព​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

គិត​ត្រឹម​ឆ្នាំ​២០២៥ ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ក្រុង ស្រុក ខណ្ឌ គោលដៅ​ចំនួន​១៩០ នៃ​រាជធានី ខេត្ត​ចំនួន​២៥ ដោយ​គ្របដណ្តប់​លើ​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ឃុំ​សង្កាត់​ចំនួន​១.៥៥០​ស្មើនឹង​៩៤% នៃ​ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស​សាលា​បឋម​សិក្សា​ចំនួន​៦.៩២២ ស្មើនឹង​៩៤%​នៃ​សាលា​បឋម​សិក្សា​ទូ​ទាំង​ប្រទេស មណ្ឌល​សុខភាព​ចំនួន​១.២៥៦ ស្មើនឹង​៩៦% នៃ​មណ្ឌល​សុខភាព​ទូ​ទាំង​ប្រទេស និង​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ចំនួន​៥៤ ស្មើនឹង​២៦% នៃ​ក្រុង ស្រុក ខណ្ឌ​ទូ​ទាំង​ប្រទេស ។

នៅ​ក្នុង​ការ​ចូលរួម​ចំណែក​គាំទ្រ​ការ​អនុវត្ត​ផែនការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម ដំណាក់កាល​ទី​២ (ISAF II) លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. បាន​ទទួល​ការ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​ស្វី​ស រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ និង​រដ្ឋាភិបាល​អូស្ត្រាលី​តាម​រយៈ​មូលនិធិ​បរ​ធន​បាល​កិច្ច (Trust Fund) ដែល​សម្របសម្រួល​ដោយ​ធនាគារពិភពលោក ដោយ​បាន​នឹង​កំពុង​អនុវត្ត​នៅ​ក្នុង​នៅ​ក្នុង​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ចំនួន​១០២ នៃ​រាជធានី ខេត្ត​ចំនួន​២០ ដោយ​គ្របដណ្តប់​លើ​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ឃុំ សង្កាត់​ចំនួន​៨៦៥ ស្មើនឹង​៥២% នៃ​ឃុំ សង្កាត់​ទូ​ទាំង​ប្រទេស សាលា​បឋម​សិក្សា ចំនួន​៣.៩០៣ ស្មើនឹង​៥១% នៃ​សាលា​បឋម​សិក្សា​ទូ​ទាំង​ប្រទេស មណ្ឌល​សុខភាព​ចំនួន​៦៩៤ ស្មើនឹង​៥៣% និង ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ចំនួន​២០ ស្មើនឹង​១០% នៃ​ក្រុង ស្រុក ខណ្ឌ​ទូ​ទាំង​ប្រទេស​។

ឯកឧត្តម ម៉ា​អុ​ន ម៉ា​អូ​ណាត អនុប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. និង​ជានា​យក​គម្រោង​សមាហរណកម្ម​គណនេយ្យ​ភាព​សង្គម​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដំណាក់កាល​ទី​២ (ISAF II) បាន​មាន​ប្រសាសន៍​ថា​៖ «​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​។

លោកស្រី Manuela Faria​ប្រធាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «​ធនាគារពិភពលោក មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ ដែល​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ការ​ទទួលខុសត្រូវ​សង្គម និង​ពង្រឹង​ភាព​ជា​ម្ចាស់​របស់​រដ្ឋាភិបាល​។ តាម​រយៈ​ការ​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ យើង​កំពុង​ចូលរួម​បង្កើន​នូវ​តម្លាភាព ការ​ទទួលខុសត្រូវ និង​សេវា​ធារ​ណៈ​ប្រកបដោយ​បរិ​យា​បន្ន ដែល​ជា​អាទិភាព​គន្លឹះ​សម្រាប់​កិច្ច​ការងារ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​សម្រាប់​បង្កើន​ឱកាស និង​ការងារ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​» ។

ឯកឧត្តម ប្រាក់ សា​រ៉ាត់ អភិបាលរង​ខេត្តកណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណនេយ្យ​ភាព​សង្គម​ថ្នាក់​ខេត្ត បាន​លើក​ឡើង​ថា​៖ «​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​នេះ យើង​រៀន​ពី​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ធានា​បាន​នូវ​អភិបាលកិច្ច​ដែល​មាន​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​កាន់តែ​ប្រសើរ​ឡើង​»​ ។

លោក លឹ​ម ប៊ុ​ន នាយក​គម្រោងការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ដើម្បី​កែ​លម្អ​ការ​ផ្តល់​សេវា​តាម​រយៈ​គណនេយ្យ​សង្គម​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា​៖ «​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង និង​គាំទ្រ​អោយ​មាន​ទស្សនៈកិច្ច​សិក្សា​នេះ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​យើង​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ធានា​ថា​សំលេង​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ឭ​ក្នុង​ការ​ផ្តល់​សេវា​»​ ។

សរុប​ជា​រួមការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម ដែល​ដឹកនាំ និង​សម្របសម្រួល​ដោយ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​ផ្តល់​សេវា​សាធារណៈ​មូលដ្ឋាន និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ឆ្លើយ​តប​នឹង ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​ជ្ឈ​ការ​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ