ទីក្រុងប៉េកាំង៖ ប្រទេសចិនថ្លែងថាគម្រោងជួបគ្នាត្រីភាគីរវាងរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ខ្លួនជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងដែលពីដំបូងដៃថានឹងជួបគ្នានៅក្នុងខែវិច្ឆិកានេះមិនអាចកើតមានជាដាច់ខាតដោយសារមានជម្លោះការទូតរវាងចិន និងជប៉ុន។ ក្រសួងវប្បធម៌កូរ៉េខាងត្បូងអះអាងថាភាគីចិនជាអ្នកសម្រេចចិត្តលុបចោលគម្រោងជួបគ្នានោះ។

ភាពតានតឹងរវាងចិន និងជប៉ុនចាប់ផ្ដើឡើងកម្ដៅជាថ្មីបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ កាលពីថ្ងៃទី៧ ខែវិច្ឆិកានិយាយពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ដែលជាបញ្ហាដ៏រសើប។ កាលណោះ លោកស្រីថ្លែងថាថាបើសិនតៃវ៉ាន់ធ្លាក់ចូលទៅក្នុងសង្គ្រាម ពេលនោះប្រទេសជប៉ុននឹងធ្លាក់ចូលទៅក្នុងសេណារីយោតស៊ូដើម្បីរស់ ឬរស់ក្រោមការគំរាមកំហែងពីប្រទេសដទៃ។ បើគេបកស្រាយមិនច្រឡំទេ លោកស្រីចង់មានន័យថាជប៉ុនត្រូវតែបង្ខំចិត្តបញ្ជូនកងទ័ពទៅធ្វើអន្តរាគមន៍ជួយតៃវ៉ាន់។

ថ្ងៃនេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការផ្អាកជួបគ្នានៃរដ្ឋមន្ត្រីក្រសួងវប្បធម៌ទាំងបីប្រទេសនោះ អ្នកនាំពាក្យចិន លោកស្រីម៉ៅនីង ថ្លែងថាពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិបង្ករបួសស្នាមនៅក្នុងដួងចិត្តប្រជាជនចិន និងធ្វើឱ្យប៉ះពាល់មូលដ្ឋានគ្រឹះ និងបង្កបរិយាកាសអាប់អួរសម្រាប់កិច្ចសហប្រតិបត្តិការចិន ជប៉ុន និងកូរ៉េខាងត្បូង។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលមិនអាចបំបែកបាន ហើយចិនមិនបោះបង់ចោលឡើយនូវលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាវាយលុកចូលកោះនេះបើសិនខ្លួនមិនអាចបង្រួបបង្រួមទឹកដីដោយសន្តិវិធី។ នៅពេលឮដូច្នេះ ប្រទេសជប៉ុនដែលមានព្រំដែនសមុទ្ររបស់ខ្លួនស្ថិតនៅចម្ងាយ១រយគីឡូម៉ែត្រពីកោះតៃវ៉ាន់ក៏ចាប់ផ្ដើមព្រួយបារម្ភភ្លាម។

អ្នកនាំពាក្យចិនថ្លែងថាពាក្យសម្ដីដ៏ខុសឆ្គង និងដ៏ឥតគិតមុខគិតក្រោយរបស់មេដឹកនាំជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ធ្វើឱ្យប៉ះពាល់អារម្មណ៍ប្រជាជនចិន, ធ្វើឱ្យរំខានសណ្ដាប់ធ្នាប់ពិភពលោក និងធ្វើឱ្យចុះខ្សោយមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការត្រីភាគី។ ដូច្នេះប្រទេសចិនយល់ថាគម្រោងជួបគ្នាត្រីភាគីនោះមិនអាចទៅរួចទេ។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ