ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហិការ​ពី​ភ្ញៀវ​ទេសចរ​ចិន អាច​ធ្វើ​ឱ្យ​ជប៉ុន​ខាតបង់​ជាង១៤ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

1 នាទី មុន

ទីក្រុង​តូ​ក្យូ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដោយសារ​តែ​ជម្លោះ​ការទូត​នោះ ងាក​មក​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន East Japan International Travel…

ទីក្រុង​តូ​ក្យូ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដោយសារ​តែ​ជម្លោះ​ការទូត​នោះ ងាក​មក​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន East Japan International Travel Service ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ បាន​បាត់បង់​ការ​កក់ ៨០% សម្រាប់​រយៈពេល​ដែល​នៅ​សល់​ឆ្នាំ​នេះ​។

ការ​ព្រមាន​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​បង្ក​ឡើង​ដោយ​ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) ទៅ​កាន់​សភា កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​វាយប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់ ដែល​គំរាមកំហែង​ដល់​ការ​រស់រាន​មានជីវិត​របស់​ជប៉ុន អាច​ជំរុញ​ឱ្យ​មានការ​ឆ្លើយ​តប​ផ្នែក​យោធា​ពី​ជប៉ុន​នោះ បានឃើញ​ការ​លុប​ចោល​ជើងហោះហើរ និង​ប៉ះពាល់​ដល់​ភាគហ៊ុន​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

បើ​យោង​តាម​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ទេសចរណ៍​ពិភពលោក (WTTC) បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​មាន​ចំណែក​ប្រហែល ៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ជប៉ុន ហើយ​ក៏​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ​។
តួលេខ​ផ្លូវការ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ពី​ចិនដីគោក និង​ហុងកុង​មាន​ចំនួន​ប្រហែល​មួយ​ភាគ​ប្រាំ នៃ​ការ​មក​ដល់​សរុប​របស់​ភ្ញៀវ​បរទេស​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ ដូច្នេះ​ការ​ធ្វើ​ពហិការ​របស់​ចិន អាច​បណ្តាល​ឱ្យ​ខាតបង់​ប្រហែល ២,២ ទ្រី​លាន​យ៉េន ឬ ១៤,២៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀង​រាល់​ឆ្នាំ​។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Nomura របស់​ជប៉ុន​។

ភាគហ៊ុន​ទាក់ទង​នឹង​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ ចាប់តាំងពី​ការ​ព្រមាន​របស់​ចិន​ត្រូវ​បាន​ប្រកាស តាំងពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​។ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ជាង ១០ បាន​ផ្តល់​ការ​សង​ប្រាក់​វិញ​លើ​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​ជប៉ុន រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​អ្នកវិភាគ​ក្រុមហ៊ុន​អាកាសចរណ៍​ម្នាក់ បាន​ប៉ាន់​ប្រមាណ​ថា សំបុត្រ​យន្តហោះ​ប្រហែល ៥០​ម៉ឺន​សន្លឹក ត្រូវ​បាន​លុប​ចោល​រួច​ហើយ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ