ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស សុខា សោកស្តាយចំពោះសោកនាដកម្មរថយន្តក្រុងធ្លាក់ទឹកនៅកំពង់ធំ បណ្តាលឱ្យស្លា.ប់ ១៣នាក់

54 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ សារ​សោកស្តាយ​ចំពោះ​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍ ស្លា​.​ប់​១៣​នាក់ របួស​ជាង​២០​នាក់ នៅ​ខេត្តកំពង់ធំ ។

លោក ស សុខា បាន​បញ្ជាក់​ថា ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​១​រូប ខ្ញុំ​ពិតជា​មាន​ក្តី​ក្តុកក្តួល និង​តក់ស្លុត​ជា​ខ្លាំង​ចំពោះ​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ដោយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ពេល​យប់​១​គ្រឿង ផ្ទុក​មនុស្ស​៣៧​នាក់ បាន​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ទឹក នៅ​ចំណុច​ស្ពាន​អូរ​ប្រសាទ ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​បណ្តាល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ស្លា​.​ប់​១៣​នាក់ និង​របួសធ្ងន់​ស្រាល​ជាង​២០​នាក់​។

លោក ស សុខា បាន​បន្ត​ថា ខ្ញុំ​ក៏​សូម​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​ទាំងអស់ ។ ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត​ទាំងអស់ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ជូនពរ​ដល់​ជន​រង​គ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់ ឆាប់​បានជា​សះស្បើយ និង​មាន​សុខភាព​ល្អ​ឡើង​វិញ​គ្រប់​ៗ​គ្នា ។

សោកនាដកម្ម​ដ៏​ធំធេង​នេះ គឺជា​ការ​ដាស់តឿន​ដ៏​ឈឺចាប់​បំផុត​មួយ សម្រាប់​យើង​ទាំងអស់​គ្នា អំពី​តម្លៃ​នៃ​ជីវិត និង​សារៈសំខាន់ នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍ ។ ខ្ញុំ​យល់​ថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន អាច​បង្ការ​បាន បើសិនជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។
ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ចំណុច​ខ្លះ​ៗ ដូច​ខាងក្រោម​៖

-កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ៖ ការ​បើកបរ​លឿន គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​នៅ​លើ​ដងផ្លូវ

-កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ៖ គ្រឿង​ស្រវឹង បណ្តាល​ឱ្យ​បាត់បង់​ការ​គ្រប់គ្រង និង​ស្មារតី​ប្រុង​ប្រយ័ត្ន

-ពាក់មួក​សុវត្ថិភាព​/​ខ្សែ​ក្រ​វ៉ា​ត់ ៖ ឧបករណ៍​ការពារ​ទាំងនេះ អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន ពេល​មាន​គ្រោះថ្នាក់

-កុំ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន ៖ ត្រូវ​វ៉ា​ជែង តែ​នៅ​ពេល​ចាំបាច់​បំផុត និង​ធានា​ថា​មិន​មាន​គ្រោះថ្នាក់

-ប្រកាន់​ស្តាំ​ជា​និច្ច ៖ ត្រូវ​បើកបរ​ដោយ​យកចិត្តទុកដាក់ និង​គោរព​សញ្ញា​ចរាចរណ៍​ទាំងអស់​។
ជាមួយ​គ្នា​នេះ ដើម្បី​បង្ការ ទប់ស្កាត់​នូវ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន គួរ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​វិធានការ​នានា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​៖

-យុទ្ធនាការ​អប់រំ ៖ ត្រូវ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន ពិសេស​តាម​សហគមន៍ និង​សាលារៀន

-ត្រួតពិនិត្យ​យានយន្ត ៖ ត្រូវ​ពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​របស់​យានយន្ត​ដឹក​ជញ្ជូន​សាធារណៈ និង​ធុន​ធ្ងន់​ជា​ប្រចាំ

-កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​មើលផ្លូវ​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ (Black Spots) ដើម្បី​ដំឡើង​ស្លាក​សញ្ញា​បន្ថែម លាប​គំនូស​ថ្មី ឬ​កែ​លម្អ​សភាព​ផ្លូវ​។

សូម​បងប្អូន​ជនរួមជាតិ ជា​ពិសេស​អ្នក​ប្រើប្រាស់​ដងផ្លូវ និង​យានជំនិះ​គ្រប់​ប្រភេទ ចង​ចាំ​ថា ការ​គោរព​ច្បាប់​ចរាចរណ៍ មិនមែន​ធ្វើ​ដើម្បី​តែ​គេ ឬ​ដើម្បី​គេច​ពី​ការ​ពិន័យ​នោះ​ទេ តែ​ដើម្បី​ការពារ​ជីវិត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​យើង​។ សូម​រំលឹក​ខ្លួនឯង​ជា​រឿយ​ៗ​ថា «​កុំ​ប្រញាប់​ពេក​! ទៅ​យឺត​បាន​យូរ ដល់​គោលដៅ​ជុំ​គ្រួសារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ