អាជ្ញាធរខេត្តស្ទឹងត្រែងចុះរុះរើសំណង់អនាធិបតេយ្យលើចំណីផ្លូវសាធារណៈ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្ត ក្រុង ភូមិ សង្កាត់ និងអង្គភាពពាក់ព័ន្ធ…
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្ត ក្រុង ភូមិ សង្កាត់ និងអង្គភាពពាក់ព័ន្ធ…
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្ត ក្រុង ភូមិ សង្កាត់ និងអង្គភាពពាក់ព័ន្ធ បានចុះអនុវត្តវិធានការណ៍អោយរុះរើសំណង់ដែលបានសាងសង់លើចំណីផ្លូវសាធារណៈដោយខុសច្បាប់ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៤ កែងផ្លូវបំបែកជា៤ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ១-ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយសារការរំលោភលើចំណីផ្លូវ ។ ២-ដើម្បីរក្សាបាននូវរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវ ។ ៣-ដើម្បីបង្កើតសោភ័ណភាពទីក្រុង ឲ្យកាន់តែមានភាពទាក់ទាញ និងស្អាតបាត ។
លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា អាជ្ញាធរបានទុកឱសានវាទរយៈពេលគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ទាំងនោះដោយខ្លួនឯង ។ លោកបានបន្ថែមថា នៅទីតាំងនោះ ប្រជាពលរដ្ឋភាគច្រើនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ លើកលែងតែមួយទីតាំងប៉ុណ្ណោះ ។ គាត់ធ្លាប់បានព្រមព្រៀងតាំងពីដំបូង តែក្រោយពីការចុះត្រួតពិនិត្យ គាត់បែរជាពុំព្រមអនុវត្តតាមការព្រមព្រៀងវិញ ។

អាជ្ញាធរខេត្តក៏បានចេញលិខិតជម្រាបជូនជាលើកទីពីរ ដោយទុកឱសានវាទចុងក្រោយ ។ លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា ឥឡូវនេះ គឺជាឱសានវាទចុងក្រោយដោយទុករយៈពេល៧ថ្ងៃទៀត ។ ប្រសិនបើដល់ពេលកំណត់ហើយ នៅតែមានចេតនាមិនរុះរើ ក្រុមការងារនឹងដាក់គ្រឿងចក្រចុះរុះរើតែម្ដង ។
ហើយការអនុវត្តវិធានការណ៍នេះ គឺដឹកនាំដោយផ្ទាល់ពីសំណាក់លោកព្រះរាជអាជ្ញារង ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមផ្លូវច្បាប់ ។ បើក្នុងករណីមានការផ្ទុះហិង្សាកើតឡើងដោយការប្រឆាំងនឹងសមត្ថកិច្ច អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ៕



ចែករំលែកព័តមាននេះ