រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានបោះជំហានសំខាន់មួយទៀតក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារជនរងគ្រោះដោយការជួញដូរមនុស្ស តាមរយៈការផ្តល់ជំនួយឥតសំណង ១៤០,៧៨១ ដុល្លារអាម៉េរិក ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។
ជំនួយដ៏សំខាន់នេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅសម្រាប់បុគ្គលិកនៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តម អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័នទទួលជំនួយសម្រាប់ការអនុវត្តគម្រោងនេះ។
អគារថ្មីទាំងនេះមានគោលបំណងផ្តល់ទីកន្លែងដែលមានសុវត្ថិភាព ការការពារ និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដែលងាយរងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីជួយពួកគេអាចវិលត្រឡប់ទៅរកជីវិតប្រចាំថ្ងៃធម្មតាវិញ។ ជាងនេះទៅទៀត ការសាងសង់អគារស្នាក់នៅបុគ្គលិកក៏នឹងជួយជំរុញសមត្ថភាពរបស់បុគ្គលិកក្នុងការផ្តល់សេវាថែទាំដែលសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមជ្ឈមណ្ឌលនេះផងដែរ។
សូមជម្រាបជូនថាគម្រោងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលមានគោលដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះផ្តោតជាពិសេសលើការការពារជនងាយរងគ្រោះពីបញ្ហាប្រឈមនានា ដូចជាភាពក្រីក្រ ឬភាពអកុសលផ្សេងៗ ដែលគំរាមកំហែងដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ គិតចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២ លានដុល្លារអាម៉េរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង ៧០០ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕


ចែករំលែកព័តមាននេះ