រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធចំពោះវីដេអូមួយដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្ត្រីជាជនសង្ស័យក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសនាថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ នេះ ។
ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយបង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលបង្កើតឡើងដោយប្រទេសជិតខាងក្នុងចេតនាញុះញង់ វាយប្រហាររាជរដ្ឋាភិបាល និងកិត្តិយសនគរបាលជាតិកម្ពុជា ។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការចែកចាយវីដេអូខាងលើនេះ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិកម្ពុជា ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលបន្តការចែកចាយវីដេអូក្លែងក្លាយនេះ ។
ចែករំលែកព័តមាននេះ