ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅសិង្ហបុរីបានអះអាងថា សេដ្ឋកិច្ចកម្ពុជាទំនងជាមិនរងការខូចខាតធ្ងន់ធ្ងរពីភាពតានតឹង ដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែនថៃឡើយ ។
ស្ថាប័ននេះ បានអះអាងថា វិវាទព្រំដែននេះ ពិតជាប៉ះពាល់ដល់ទេសចរណ៍ និងការងារពលករចំណាកស្រុកកម្ពុជាមែន ប៉ុន្តែជារួមស្ថានភាពសេដ្ឋកិច្ចកម្ពុជា គឺបង្ហាញពីភាពធន់នឹងបញ្ហា ។
រូបតំណាងដោយ AI យោងតាមរបាយការណ៍ដែលបានចេញនៅដើមសប្តាហ៍នេះ បានអះអាងថា នៅពេលផ្ទុះវិវាទមានការព្រួយបារម្ភរឿងទំនិញមួយចំនួនដូចជា ប្រេងឥន្ធនៈ ស្បៀងអាហារ ប៉ុន្តែកម្ពុជាបានបង្វែរ និងស្វែងរកប្រភពផ្គត់ផ្គង់ផ្សេង ហើយមួយរយៈមកនេះទីផ្សារក៏មានស្ថេរភាព ។
ប្រភពដដែលបានបន្តថា តម្លៃទំនិញមួយចំនួនបានកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាអតិផរណាប្រចាំឆ្នាំ នៅតែស្ថិតក្នុងចន្លោះពី១,៧ ទៅ១,៩ភាគរយ ដែលទាបជាងអ្វីដែលមនុស្សម្នាក់ អាចរំពឹងទុកក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាខ្លាំង ។
ប្រឈមមុខនឹងស្ថានភាពនេះ AMRO បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៥ បន្តិចបន្តួចប៉ុណ្ណោះ ពោល គឺពី៥,២ភាគរយមកត្រឹម ៤,៩ភាគរយ ប៉ុន្តែកំណើននឹងកើនឡើងដល់៥ភាគរយ នៅឆ្នាំក្រោយ ៕
ចែករំលែកព័តមាននេះ