ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ន សុទ្ធា ធ្លាប់​បង្ហើប​ពី​ស្ថានភាព​ជំងឺ​ប្រាប់​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ​ម្នាក់ មុន​ពេល​ទទួលមរណភាព

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ជា​ច្រើន បាន​សម្តែង​ក្តី​ក្តុកក្តួល និង​សោកស្តាយ​ស្ទើរ​ទទួលយក​មិន​បាន បន្ទាប់​ពី​បានឮ​ដំណឹង​មរណភាព​របស់​តារា​សម្តែង​លោក អ៊ុ​ន សុទ្ធា…

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ជា​ច្រើន បាន​សម្តែង​ក្តី​ក្តុកក្តួល និង​សោកស្តាយ​ស្ទើរ​ទទួលយក​មិន​បាន បន្ទាប់​ពី​បានឮ​ដំណឹង​មរណភាព​របស់​តារា​សម្តែង​លោក អ៊ុ​ន សុទ្ធា ខណៈ​ពេល​ដែល​កន្លង​មក​តារា​រូប​នេះ ហាក់​មិន​ដែល​លេចឮ​ថា​លោក​មាន​ជំងឺ​អ្វី​នោះ​
ឡើយ ។

យ៉ាងណា មុន​ពេល​ដែល​ទទួលមរណភាព​នា​ពេល​នេះ លោក អ៊ុ​ន សុទ្ធា ធ្លាប់​បង្ហើប​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​ប្រាប់​ទៅ​ដល់​មិត្តភក្តិ​ដ៏​ជិត​ស្និ​ទ្ធិ​របស់​លោក​មួយ​រូប ហើយ​លោក​ក៏​បាន​លាក់បាំង​ពី​ស្ថានភាព​របស់​លោក​មិន​ឲ្យ​សាធារណជន​ដឹង​ឡើយ ។ បើ​តាម​ការ​រៀបរាប់​ពី​លោក សឿន វីតា ដែល​ជា​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ​របស់​លោក​អ៊ុ​ន សុទ្ធា បាន​ឲ្យ​ដឹង​ថា ការ​ទទួលមរណភាព​របស់​លោក អ៊ុ​ន សុទ្ធា នា​ពេល​នេះ គឺ​ដោយសារ​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ​ហើយ​ជំងឺ​នេះ​ក៏​ធ្លាប់​ធ្វើ​ឲ្យ​លោក​ចូល​សង្គ្រោះ​បន្ទាន់​ពីរ​ទៅ​បី​លើក​ហើយ​ដែរ ។

លោក​បន្ត​ថា ខ្ញុំ​ចាំ​បាន​ថា ចន្លោះ​ឆ្នាំ​២០២៤ គាត់ (​លោក អ៊ុ​ន សុទ្ធា​)​បាន​ប្រាប់​លោក​ថា គាត់​មាន​ជំងឺ​មួយ​គឺ​មាន​សាច់​ដុះ​ប៉ុន​ចុង​ចង្កឹះ​នៅ​ក្នុង​ថ្លើម ពេល​នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​វិញអោយ​មើល​មែនទែន ដោយសារ​គ្រួសារ​គាត់​ស្លាប់​ដោយសារ​មហារីក​ថ្លើម ព្រោះ​ខ្លាច​មាន​ដំណរ​ពូជ​ហើយ​ធ្លាក់​មក​ដល់​រូប​គាត់​ដែរ ។

មួយទៀត គាត់​ធ្លាប់​ប្រាប់​ដែរ​ថា គាត់​មាន​បញ្ហា​ក្រពះ​ពោះវៀន ដោយសារ​គាត់​ហូប​មិន​ទៀង និង​នៅ​ម្នាក់ឯង ដោយ​ជីវិត​របស់​គាត់ គឺ​គាត់​មិន​ចង់​ពឹងពាក់​អ្នក​ណា​ម្នាក់​ឡើយ ប៉ុន្តែ​គាត់​ចូល​ចិត្ត​ជួយ​គេ ហេតុនេះ​គាត់​មិនសូវ​ជា​រវល់​រឿង​ជំងឺ​នេះ​ដែរ ។

លោក​បញ្ជាក់​ថា អំឡុង​ពេល​ក្រោយមក​ទៀត គាត់​ក៏​មាន​ជំងឺស្ត្រេស​មួយទៀត ដោយសារ​បញ្ហា​ចំណូល​របស់​គាត់​បាន​ធ្លាក់​ចុះ ព្រោះ​លោក​ដឹង​ថា សុទ្ធា​គឺ​មានមុខ​របរ​តែ​មួយ​គត់ គឺ​សិល្បៈ​នេះ ហើយ​បើ​ចំណូល​មួយ​នេះ​ធ្លាក់​ចុះ គឺ​គាត់​គិត​ច្រើន ។

លោក​ថា ជំងឺស្ត្រេស​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គាត់​គេង​មិន​គ្រប់គ្រាន់ ញាំ​មិន​គ្រប់គ្រាន់ និង​មិន​ទៀងពេល ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់ ក្នុង​ពេល​ដែល​បញ្ហា​ជំងឺ​នេះ​ក៏​កាន់តែ​ខ្លាំង​ចាប់តាំងពី​ដើមឆ្នាំ​២០២៥ រហូត​ធ្វើ​ឲ្យ​គាត់​មិន​ចេញ​ទៅ​ក្រៅ ដោយ​សំងំ​តែ​នៅ​ក្នុងផ្ទះ​ប៉ុណ្ណោះ ។

លោកសឿន វីតា បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ចាប់តាំងពី​ដើមឆ្នាំ​ថ្មី​នេះ​មក ចំណូល​របស់​លោក អ៊ុ​ន សុទ្ធា ក៏​ចាប់ផ្តើម​កាន់តែ​ខើច ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​លែង​ចង់​ជួប​មុខ​អ្នក​ណា​ទាំងអស់ បើ​ទោះបី​លោក​ផ្ទាល់​ជា​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ​បំផុត ក៏​លោក អ៊ុ​ន សុទ្ធា លែង​ឆ្លើយ​តប​ដែរ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។

ទោះជា​យ៉ាងណា លោក​ហាក់​មិន​ចម្លែក​ឡើយ ព្រោះ​យល់​ថា កន្លង​មក នៅ​ពេល​ដែល​លោក​ទាក់ទង​ទៅ​លោក អ៊ុ​ន សុទ្ធា ហើយ​តែ​មិន​ឆ្លើយ​តប​នោះ មិនយូរ​លោក អ៊ុ​ន សុទ្ធា នឹង​ទាក់ទង​មក​លោក​វិញ​មិន​ខាន ប៉ុន្តែ​ពេល​នេះ​រយៈពេល​២​ស​ប្តា​ហ៍ លោក អ៊ុ​ន សុទ្ធា មិន​ទាក់ទង​មក​លោក​វិញ​សោះ ទើប​ទទួល​ដំណឹង​លោក​បាន​ទទួលមរណភាព​នេះ​តែម្តង ។

បើ​តាម​លោកសឿន វីតា នៅ​មុន​ពេល​លោក អ៊ុ​ន សុទ្ធា បាន​ទទួលមរណភាព​នា​ពេល​នេះ ស្ថានភាព​ជំងឺ​រលាក​ក្រពះ​របស់​លោក​ក៏​ធ្លាប់​ធ្វើទុក្ខ​ខ្លាំង​ដែរ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​នាំ​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ផង​ដែរ ។

លោក​ថា សម្រាប់​ការ​ព្យាបាល​នោះ នៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ អាកា​រៈ​របស់​គាត់​រាង​ធូរស្រាល ប៉ុន្តែ​ចូល​ដល់​ថ្ងៃ​ទី​៤ គាត់​ចាប់ផ្តើម​ធ្វើទុក្ខ ហើយ​ពេទ្យ​ក៏​រុញ​គាត់​ចូល​ទៅ​បន្ទាប់សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយសារ​គាត់​ទ្រាំ​លែង​បាន និង​បុក​ចូល​មក​បេះដូង ហើយ​ដាច់ខ្យល់​មិន​អាច​ជួយ​សង្គ្រោះ
​បាន ។

យ៉ាងណា សម្រាប់​មរណភាព​របស់​លោក អ៊ុ​ន សុទ្ធា នា​ពេល​នេះ លោក​ចាត់ទុកជា​ការ​បាត់បង់​មិត្តភក្តិ និង​បងប្អូន​ដ៏​ល្អ​បំផុត​មួយ​រូប ព្រោះ​លោក អ៊ុ​ន សុទ្ធា ជា​មនុស្ស​តែ​ម្នាក់​ដែល​តែងតែ​ជួយ​លើកទឹកចិត្ត និង​ជួយ​ជា​ថវិកា​ខ្លះ​ៗ​មក​ដល់​រូប​លោក និង​ក្រុម​គ្រួសារ​ក្នុងអំឡុងពេល​ដែល​លោក​ធ្លាក់ខ្លួន​ខ្លាំង ។

គួរ​បញ្ជាក់​ថា តារា​សម្តែង​លោក អ៊ុ​ន សុទ្ធា បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​រោគាពាធ ក្នុង​អាយុ​៤០​ឆ្នាំ ខណៈ​ពេល​ដែល​ពិធី​បុណ្យសព​តារា​រូប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​គេហដ្ឋាន​ផ្ទះ​លេខ 1B ផ្លូវ​លេខ​១៧ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ