កម្ពុជាបានកំពុងតែបោះជំហានមួយថ្មីបន្ថែមទៀត ទៅកាន់ទ្វីបអាហ្វ្រិក បើទោះបីជាទ្វីបនេះនឹងកម្ពុជា មានចម្ងាយឆ្ងាយពីគ្នាក៏ដោយ ។

ក្រសួងការបរទេសបានអះអាងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អូលីវីយេ ជេន ប៉ាទ្រិក ឌូហ៊ុនរ៉េស (Olivier Jean Patrick Nduhungirehe) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិវ៉ាន់ដា បានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ។

នៅថ្ងៃដដែលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម លោក ចាស្ទីន សេនជីយូមវ៉ា (Justin Nsengiyumva ) នាយករដ្ឋមន្ត្រី រវ៉ាន់ដាផងដែរ ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ដ្រី បានស្វារគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ដ្រី នៅរវ៉ាន់ដា និងបានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា ។
លោកនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

ចែករំលែកព័តមាននេះ