លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រាប់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន៨.៦០១នាក់ ឲ្យជួយសង្គមកម្ពុជា ពោល គឺជួយឲ្យពលរដ្ឋមានសុខភាពល្អនៅពេលអនាគត ។

លោកបានបញ្ជាក់ពេលបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលថា «ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃឆ្នាំសិក្សាសាកលវិទ្យាល័យដែលនេះមិនមែនគ្រាន់តែជាថ្ងៃចាប់ផ្តើមនូវមេរៀនទាំងឡាយនោះទេ គឺពិតជាថ្ងៃនៃការចាប់ផ្តើមបោះជំហាននាំភាពប្រសើរឡើងសម្រាប់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ» ។

លោកបានរំលេចពីការអនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ដើម្បីធានាថាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានសុខភាពល្អ និងជីវភាពប្រសើរ ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្រាប់អនាគតរួម គឺធ្វើឱ្យកម្ពុជាមានសុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែកលើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង ។
លោកបានបន្តថា និស្សិតទាំងអស់ គួរតែក្លាយជាចលករនៃការការពារប្រជាពលរដ្ឋកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រឈមនឹងបញ្ហាដែលអាចកើតមានរៀងរាល់ថ្ងៃស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគតនៃសុខាភិបាលកម្ពុជា ៕

ចែករំលែកព័តមាននេះ