រាជធានីភ្នំពេញ ៖ ត្រីគល់រាំងចំនួន២ក្បាល ដែលមានទម្ងន់ចន្លោះពី១២ទៅ១៦គីឡូក្រាមក្នុង១ក្បាល ព្រមទាំងត្រីត្រសក់មួយក្បាលទម្ងន់២គីឡូក្រាម ត្រូវបានក្រុមការងារនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លែងចូលទន្លេសាបវិញ បន្ទាប់អ្នកនេសាទចាប់បាន ។

ការលែងត្រីកម្រនិងជិតផុតពូជនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ដោយមានការចូលរួមពីក្រុមការងារ នៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ។

មុនការលែងត្រីនេះ ក្រុមការងារជំនាញក៏បានចូលរួមបំពាក់ស្លាកសញ្ញាលើត្រីផងដែរ ។ ការលែងត្រីនេះ គឺផ្នែកមួយដែលទទួលបានការឆ្លើយតបជាវិជ្ជមានពីប្រជានេសាទ បន្ទាប់ពីក្រុមការងារចុះផ្សព្វផ្សាយតាមមូលដ្ឋានដល់ប្រជានេសាទ ឱ្យចូលរួមអភិរក្សត្រីជិតផុតពូជ ។

យោងតាមការផ្សាយនៅលើហ្វេសប៊ុករបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ឧបករណ៍នេសាទ«ដាយត្រី២D» ព្រមទាំងបងប្អូនកម្មករនៅលើបែទាំងអស់ ដែលបានទាក់ទងមកកាន់រដ្ឋបាលជលផល ដើម្បីចុះទៅលែងត្រីទឹកសាបដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជទាំងនេះ ឱ្យវាបានទៅដល់ទីជម្រកដើមដោយសុវត្ថិភាព ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានអំពាវនាវ«សូមចូលរួមការពារប្រភេទត្រីកម្រ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្ស ត្រីត្រសក់ ត្រីប៉ាសាណាក និងធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ឱ្យបានគ្រប់ៗគ្នា» ។ ការពារត្រីកម្រនៅថ្ងៃនេះ គឺជាការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ សម្រាប់ពេលអនាគត ៕
ចែករំលែកព័តមាននេះ