ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ​កំណត់​ថ្ងៃ​ទី​២៨ វិច្ឆិកា ​បើក​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៥ ​នីតិកាល​ទី​៧ ពិនិត្យ និង​អនុម័ត​របៀបវារៈ​មួយ​ចំនួន

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋសភា​កម្ពុជា ​នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៥ ​នីតិកាល​ទី​៧ ពិនិត្យ និង​អនុម័ត​របៀបវារៈ​មួយ​ចំនួន​។ ការ​កំណត់​សម័យប្រជុម​ពេញអង្គ​រដ្ឋសភា​បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋសភា​កម្ពុជា ​នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៥ ​នីតិកាល​ទី​៧ ពិនិត្យ និង​អនុម័ត​របៀបវារៈ​មួយ​ចំនួន​។ ការ​កំណត់​សម័យប្រជុម​ពេញអង្គ​រដ្ឋសភា​បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​ ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ ​និង​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ​។

ជា​លទ្ធផល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី វិសោធនកម្ម​ច្បាប់​ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

កិច្ចប្រជុំ​ក៏​បាន​អនុម័ត​ កំណត់​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ​ខែវិច្ឆិកា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​មាន​របៀបវារៈ​ចំនួន​៥​ គឺ​៖

-​របៀបវារៈ​ទី​១ ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៧​។
-​របៀបវារៈ​ទី​២ របាយការណ៍​សង្ខេប​ស្ដី​ពី សកម្មភាព​ការងារ​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៧​។
-​របៀបវារៈ​ទី​៣ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤​។
-​របៀបវារៈ​ទី​៤ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦​។
-​របៀបវារៈ​ទី​៥ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ ​៖

១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ស្ដី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ​និង​ការ​ចៀសវាង​ពន្ធ​។

២-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន ស្ដី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ និង​ការ​ចៀសវាង​ពន្ធ​។

៣-​ពិធីសារ​ទី​២ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​និង​ការ​បង្ការ​ការ​កិបកេង បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ