ទីក្រុងកៀវ៖ ប្រជាជនអ៊ុយក្រែនរស់នៅទីក្រុងកៀវបានបញ្ចេញប្រតិកម្មតបទៅនឹងផែនការសន្តិភាពរបស់លោកត្រាំដែលតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួន និងបញ្ចុះចំនួនកងទ័ព និងអាវុធយុទ្ធភ័ណ្ឌដើម្បីជាថ្នូរនឹងសន្តិភាព។ ទីក្រុងវ៉ាស៊ីនតោនបានឱ្យសញ្ញាទៅលោកហ្សេឡិនស្គីថាទីក្រុងកៀវដាច់ខាតត្រូវតែទទួលយកផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយអាមេរិកព្រោះគ្មានជម្រើសផ្សេងក្រៅពីនេះទៀតទេ អាមេរិក និងអឺរ៉ុបជួយអ៊ុយក្រែនសឹងតែរីងអស់ពីខ្លួនទៅហើយ ហើយមិនដឹងថាសង្គ្រាមនេះអង្កាល់បានចប់បើចេះតែអូសបន្លាយយូរទៅៗ ធ្មេចបើកៗជិត៤ឆ្នាំទៅហើយនៅខ្វះប្រហែលបីខែទៀតប៉ុណ្ណោះ។

ប៉ុន្តែផែនការសន្តិភាពនោះត្រូវប្រជាជនអ៊ុយក្រែនខ្លះមិនយល់ស្របទេ។ អ្នកខ្លះប្រាប់ថាខ្លួនមិនអាចទទួលយកជាដាច់ខាតនូវលក្ខខណ្ឌដូចមានចែងនៅក្នុងផែនការនោះ។ បើទុកជាលោកហ្សេឡិនស្គីយល់ព្រមក៏ប្រជាជនដែលជាម្ចាស់ប្រទេសរួមជាមួយកងទ័ពដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមិនសុខចិត្តឡើយ។ អ្នកខ្លះទៀតប្រាប់ថាលោកហ្សេឡិនស្គីមិនសុខចិត្តចុះហត្ថលេខាលើផែនការសន្តិភាពនោះទេព្រោះហេតុផលច្រើនយ៉ាង។ ទី១គាត់ដឹងច្បាស់ណាស់ថាបើសិនគាត់ហ៊ានធ្វើដូច្នេះ ប្រជាជននឹងប្រឆាំងនឹងគាត់ជាមិនខាន។ ទី២គាត់ជាអ្នកស្នេហាជាតិមាតុភូមិ។ ដូច្នេះគាត់មិនធ្វើរឿងបែបហ្នឹងទេ។

អ្នកខ្លះទៀតប្រាប់ថាខ្លួនមិនទាន់ច្បាស់ថាតើលោកហ្សេឡិនស្គីទទួលយកផែនការសន្តិភាពនោះឬយ៉ាងណា។ ប៉ុន្តែខ្លួនសង្ឃឹមថាលោកនឹងមិនទទួលយកទៅចុះ។ ជាការពិត លក្ខខណ្ឌនានាដូចដែលមានចែងនៅក្នុងផែនការនោះជាអ្វីដែលអ៊ុយក្រែនមិនអាចទទួលបានជាដាច់ខាត។ ខ្លួនជឿជាក់ថាប្រទេសអ៊ុយក្រែនគួរណាស់មានបន្ទាត់ព្រំដែនដូចឆ្នាំ១៩៩១។ យើងត្រូវតែបញ្ឈប់សកម្មភាពរបស់អ្នកឈ្លានពាន និងត្រូវដាក់សម្ពាធលោកពូទីន។ ពួកគេយល់ថាបើសិនអ៊ុយក្រែនសុខចិត្តធ្វើសម្បទានទៅតាមការទាមទាររបស់លោកពូទីន ពេលនោះធ្វើឱ្យលោកពូទីនរឹតតែបានចិត្ត។ ថ្ងៃក្រោយ គាត់នឹងឈ្លានពានអ៊ុយក្រែនទៀត។

ប្រភព២នាក់ដែលដឹងកិច្ចការផ្ទៃក្នុងរបស់អាមេរិក និងដែលស្នើសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនចង់ឱ្យអ៊ុយក្រែនទទួលយកចំណុចសំខាន់ៗនៅក្នុងផែនការសន្តិភាពនោះ។ បើដូច្នេះមែននឹងធ្វើឱ្យអ៊ុយក្រែនខាតច្រើនជាងចំណេញព្រោះត្រូវបាត់បង់ទឹកដីបន្ថែមទៀតនៅភាគខាងកើត។ ទន្ទឹមនឹងនោះ លោកហ្សេឡិនស្គីក៏កំពុងប្រឈមដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនឯងពាក់ព័ន្ធនឹងអំពើពុករលួយរហូតដល់ដកតំណែងរដ្ឋមន្ត្រីថាមពល និងរដ្ឋមន្ត្រីទេសចរណ៍។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់បញ្ចូលនៅក្នុងផែនការសន្តិភាពនូវមតិយោបល់របស់ភាគីអ៊ុយក្រែន និងរុស្ស៊ីដែលជាគូបដិបក្សនឹងគ្នា។ លោកថាដើម្បីបញ្ចប់សង្គ្រាមដ៏សាំញ៉ាំ និងដ៏បង្ហូរឈាមនេះបានលុះត្រាតែមានការផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពហ្មត់ចត់ និងប្រាកដនិយម។

លោកចង់មានន័យថាយើងស្ដាយស្រណោះទឹកដីរបស់យើង គ្មាននរណាចង់ឱ្យបាត់បង់ទេ។ ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតថារុស្ស៊ីកំពុងតែមានប្រៀបផ្នែកយោធា ហើយរុស្ស៊ីមិនអាចដកថយទេ។ លោករូប៊ីអូបង្ហោះសារបន្តទៀតថាដើម្បីសម្រេចបានសន្តិភាពដ៏យូរអង្វែងលុះត្រាតែភាគីទាំង២ចេះធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកទៅលើចំណុចដែលពិបាកនឹងអារកាត់ ឬពិបាកនឹងសម្រេចចិត្ត ក៏ប៉ុន្តែជាចំណុចដែលចាំបាច់ត្រូវតែធ្វើដោយខានពុំបាន។

ក្រឡេកទៅមើលស្ថានការណ៍សឹកឯណោះវិញ កាលពីយប់មិញ និងព្រឹកមិញ រុស្ស៊ីបន្តវាយប្រហារដោយប្រើប្រាស់មីស៊ីល និងដ្រូនទៅលើទីក្រុងតូច-ធំរបស់អ៊ុយក្រែន។ ជាពិសេស ទីក្រុងថឺណូភីល (Ternopil) រងគ្រោះខ្លាំងជាងគេបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២៦នាក់។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន។ រុស្ស៊ីវាយប្រហារចំអគារមួយកន្លែងបណ្ដាលឱ្យរបើកជាន់ខាងលើជាចម្រៀកៗ។

គេឃើញផ្សែងដ៏ខ្មៅងងឹតហុយចេញពីអគារ និងឃើញភ្នាក់ងារពន្លត់អគ្គិភ័យបំពេញការងារយ៉ាងដុតដៃដុតជើងដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងពេញបន្ទុក។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនអះអាងថាក្រៅពីអ្នកស្លាប់២៦នាក់នោះ មនុស្ស២៦នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ ក្រៅពីនេះ មនុស្សជិត១រយនាក់រងរបួស។ រុស្ស៊ីបានបញ្ជូនដ្រូន៤៧៦គ្រឿង និងមីស៊ីល៤៨គ្រាប់វាយប្រហារទីតាំងផលិតថាមពល និងដឹកជញ្ជូន។ តំបន់មួយចំនួនត្រូវដាច់ភ្លើងអគ្គិសនីចំពេលដែលប្រជាជនកំពុងត្រូវការកម្ដៅខ្លួននៅរដូវរងា។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ