ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ដែលមិនទាន់បានចុះបញ្ជីកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធបានទទូចស្នើសុំដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍ចាត់មន្ត្រីជំនាញចុះវាស់វែងឡើងវិញ ខណៈពលរដ្ឋអះអាងថា បើចុះបញ្ជីដីដាច់ដោយដុំ ឬដាច់ដោយឡែក គឺពួកគាត់ចំណាយថវិកាច្រើនណាស់ លើសពីសមត្ថភាពដែលគាត់អាចធ្វើបាន។

ការទទូចស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ គឺគាត់បានលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុងសែនមនោរម្យ ។ ប្រជាពលរដ្ឋបាននិយាយថា អំឡុងដែលមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសូរិយោដីខេត្ត ចុះវាស់វែងក្នុងភូមិឋានពួកគាត់ គាត់មានការឆកល្វែង ប្រហែស មិនបានចូលរួមផ្តល់ព័ត៌មាន ឬឯកសារផ្សេងៗដល់មន្ត្រី ដើម្បីវាស់វែង ។
ដូច្នេះ បណ្តាលឲ្យគាត់ខកខាន ក្នុងការទទួលបានបណ្ណសម្គាល់ម្ចាស់កម្មសិទ្ឋអចលវត្ថុ(ប្លង់រឹង)ពីរដ្ឋ។ ដែលនេះគឺជាកំហុសរបស់ពួកគាត់ខ្លួនឯង ។ តែនៅពេលដែលគាត់មានតម្រូវការ ដើម្បីស្នើសុំឲ្យមានការជួយចុះបំពេញបន្ថែម នូវប្លង់រឹងលើដីអាស្រ័យផលរបស់គាត់ ពួកគាត់ត្រូវចំណាយលុយច្រើនពេក ហើយមានភាពស្មុគស្មាញថែមទៀត ដែលប្រជាពលរដ្ឋធម្មតា ពិបាកក្នុងដំណើរការស្នើសុំ ។ អ៊ីចឹងហើយមានតែសំណូមពរដល់គណៈអភិបាលខេត្ត មេត្តាជួយសម្រួលករណីទាំងនេះដល់ប្រជាពលរដ្ឋ ។

ឆ្លើយតបជាមួយសំណូមពរនេះលោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជាគោលការណ៍នីតិវិធីច្បាប់ភូមិបាលក្នុងមួយភូមិមន្ត្រីជំនាញអាចចុះទៅវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលវត្ថុលក្ខណៈជាប្រព័ន្ធបានតែមួយលើកប៉ុណ្ណោះ ។
លោក លឹម ចាន់សុភី បានពន្យល់ថា ការរៀបក្រុមការងារចុះទៅវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ គឺត្រូវចំណាយច្រើនខ្លាំងណាស់ ដែលមន្ទីរមិនមានលទ្ធភាពឡើយ ។ តែលោកបានផ្តល់ជាយោបល់ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រមូលគ្នីគ្នា ឬអ្នកដែលមិនទាន់បានចុះបញ្ជីកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធឲ្យបានច្រើនក្បាលដី ។ រួចធ្វើសំណើនោះទៅអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់របាយការណ៍ឆ្លងទៅអភិបាលខេត្ត ដើម្បីអភិបាលខេត្តចារឲ្យក្រុមការងាររៀបចំ ចុះទៅធ្វើការតាមស្ថានភាពជាក់ស្តែង ។

ក្នុងករណីនេះ លោកប្រធានមន្ទីរនៅតែបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋនៅតែត្រូវចំណាយថវិកាច្រើនដដែរគ្រាន់តែថា មានម្ចាស់ដីច្រើនក្បាលដី ដូច្នេះការចំណាយ អាចធូរស្រាលជាងធ្វើម្នាក់ឯង ។
ទោះជាយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី២០ វិច្ឆិកា ២០២៥ គេនៅមិនទាន់ទទួលបានព័ត៌មានផ្លូវការថា តើការចុះបញ្ជីប្លង់ដីបំពេញបន្ថែម ឬចុះបញ្ជីប្លង់ដីដាច់ដោយឡែក ត្រូវចំណាយប៉ុន្មានឡើយ?
ចែករំលែកព័តមាននេះ