ទីក្រុងហាណូយ៖ ថ្ងៃនេះ ក្រសួងសុខាភិបាលវៀតណាមជូនដំណឹងទៅប្រជាជនទាំងអស់សូមកុំបរិភោគផ្លែឈើដែលមានស្នាមខាំ, ចឹក ឬកកេរដោយសត្វជ្រឹង ឬសត្វបក្សីដទៃទៀត។ សេចក្ដីជូនដំណឹងនេះធ្វើឡើងស្របពេលដែលអាជ្ញាធរចាប់ផ្ដើមបង្កើនការសង្កេតតាមដានក្រោយពេលផ្ទុះការឆ្លងមេរោគនីប៉ា (Nipah) នៅរដ្ឋបេងហ្កាល់ខាងលិច (West Bengal) នៃប្រទេសឥណ្ឌា។

ថ្វីដ្បិតមិនទាន់មានរបាយការណ៍ថាមេរោគនេះឆ្លងដល់វៀតណាម ប៉ុន្តែអាជ្ញាធរយល់ថាគេត្រូវតែប្រុងប្រយ័ត្នខ្ពស់ព្រោះមិនទាន់មានឱសថសម្រាប់ព្យាបាល ឬវ៉ាក់សាំងសម្រាប់ចាក់បង្ការមេរោគនេះនៅឡើយទេ។ នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាលសូមជំរុញទៅរដ្ឋបាលថ្នាក់មូលដ្ឋានពង្រឹងការសង្កេតតាមដាននៅតាមប៉ុស្តិ៍ឆែកឆេរតាមព្រំដែន, មណ្ឌលសុខភាព និងសហគមន៍នានា។

សេចក្ដីជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីឥណ្ឌារាយការណ៍ពីការសង្ស័យថាមេរោគនីប៉ាប្រហែលជាឆ្លងទៅបុគ្គលិកសុខាភិបាលដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺនៅរដ្ឋបេងហ្កាល់ខាងលិច។ មិនយូរប៉ុន្មាន ប្រទេសនានានៅទ្វីបអាស៊ីចាប់ផ្ដើមរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់មេរោគនេះ។ ពោលគឺស្រដៀងនឹងករណីដែលពួកគេធ្លាប់ធ្វើកាលពេលផ្ទុះជំងឺកូវីដ១៩។

នីប៉ាត្រូវគេចាត់ចូលទៅក្នុងក្រុមមេរោគដែលឆ្លងខ្លាំងបំផុត។ អ្នកដែលឆ្លងមេរោគនេះអាចមានឱកាសស្លាប់ចន្លោះពី៤០%ទៅ៧៥%។ មេរោគនេះច្រើនឆ្លងពីសត្វមកមនុស្ស។ សត្វជ្រឹងជាប្រភពចម្លងធំជាងគេនៅឥណ្ឌា។ ប៉ុន្តែក៏អាចឆ្លងតាមរយៈការប៉ះពាល់ចំណីអាហារ ឬវត្ថុដែលមានមេរោគនេះផងដែរ។ ករណីឆ្លងពីមនុស្សទៅមនុស្សក៏អាចកើតមានផងដែរតាមរយៈការប៉ះពាល់វត្ថុរាវសរីរៈ ទឹកមាត់ ឬទឹកនោមរបស់អ្នកជំងឺ។

ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនេះ ក្រសួងសុខាភិបាលណែនាំឱ្យប្រជាជនអនុវត្តតាមគោលការណ៍ចំណីអាហារមានសុវត្ថិភាពដូចជាបរិភោគតែអាហារដែលចម្អិនបានឆ្អិនល្អ, ផឹកទឹកដាំពុះ (១០០អង្សារយៈ១៥នាទីទើបសម្លាប់មេរោគអស់), ផ្លែឈើមុននឹងបរិភោគត្រូវលាងសម្អាត ហើយត្រូវចិតសម្បកឱ្យអស់។ ក្រសួងក៏សូមអំពាវនាវឱ្យប្រជាជនកុំបរិភោគផ្លែឈើដែលមានស្នាមខាំ, ចឹក ឬកកេរដោយសត្វជ្រឹង ឬសត្វបក្សីដទៃទៀត។

ក្រសួងសូមអំពាវនាវឱ្យប្រយ័ត្នប្រយែងចំពោះការប៉ះពាល់ផ្ទាល់ជាមួយសត្វប្រភេទខ្លះដែលអាចមានមេរោគនីប៉ា ជាពិសេស សត្វជ្រឹង។ គួរឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកថ្នាំសម្លាប់មេរោគបន្ទាប់ពីកាន់សត្វ ឬសម្លាប់សត្វរួច។ គួរជៀសវាងកុំធ្វើដំណើរទៅតំបន់ដែលកំពុងរាតត្បាតដោយមេរោគនីប៉ា។ អ្នកដែលទើបតែវិលត្រឡប់ពីតំបន់នោះគួរស្វែងរកសេវាពិនិត្យសុខភាពជាបន្ទាន់បើសិនមានអាការៈមិនស្រួលខ្លួនដូចជាឈឺក្បាល ឈឺសាច់ដុំ ក្អួតចង្អោរ ឈឺបំពង់ក ធេងធោង ងងុយគេង វង្វេងវង្វាន់ ឬប្រកាច់៕ ប្រភព៖ វៀតណាមអ៊ិចប្រែស (Vietnam Express) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ