រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ថា សង្គ្រាមថៃឈ្លានពានពីរលើក បានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យ៧០កន្លែង (មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព) ។
ឯកឧត្តមសាស្ត្រាចារ្យ បន្តថា បញ្ហាព្រំដែននេះ ប្រាកដណាស់ គឺមានផលប៉ះពាល់ខ្លាំង ហើយសុំបែងចែកជា២ ហើយការប៉ះពាល់ប្រព័ន្ធសុខាភិបាល និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ទំហំ នៃការប៉ះពាល់នេះ គឺប៉ះពាល់ដោយផ្ទាល់ (ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល) ហើយការឈ្លានពានរបស់ថៃ បានបង្កផលប៉ះពាល់មានទំហំធំ ខ្លះខ្ទេចខ្ទាំដោយគ្រាប់ផ្លោង វាយប្រហារខូចទាំងស្រុង ខ្លះមានការខូចដោយអន្លើ ខ្លះគឺខូចអគារមួយចំនួន ហើយមួយចំនួនទៀតខ្ទេចខ្ទាំជញ្ជាំង ពិដាន ដំបូល។ល។ គឺមិនអាចដំណើរការបាន ប៉ុន្តែមិនប៉ះពាល់ដល់ជម្រៅវិស័យសុខាភិបាលកម្ពុជានោះទេ ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ភាពធន់ក្នុងដំណាក់កាលនេះ បានបញ្ជាក់ឲ្យឃើញច្បាស់ ហើយនៅក្នុងមួយមនី្ទរសុខាភិបាល ឬក៏ក្នុងមួយខេត្ត ដែលនៅជាប់ព្រំដែនមានបញ្ហា គឺមានថែមទាំងមនី្ទរពេទ្យជាតិ១ ឬក៏មានពេលខ្លះ២ ឬពេលខ្លះ៣ ទៅតាមជំនាញ បានទៅជួយមនី្ទរពេទ្យខេត្តនោះបន្ថែមទៀត ។
មានន័យថា ពេលនេះ កម្លាំងជាតិ និងថ្នាក់ក្រោមជាតិ នៅជាមួយគ្នា (គ្រូពេទ្យឯកទេសពីភ្នំពេញ ទៅជួយគ្រូពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានបញ្ហា គឺរួមសុខ រួមទុក្ខជាមួយគ្នា ក្នុងសាមគ្គីភាព ដូចដែលបងប្អូនប្រជាពលរដ្ឋមានបេះដូង ទឹកចិត្តសាមគ្គីភាព ដ៏ខ្ពស់បំផុត ក្នុងកម្រិតដែលជាតិកំពុងតែជួបនូវបញ្ហានេះ) គឺជាមោទនភាពមួយ ក្នុងឱកាសដែលលំបាក បង្ហាញពីទឹកចិត្តស្មារតី បេះដូង និងសាមគ្គីភាព ៕


ចែករំលែកព័តមាននេះ