ទីក្រុងព្យុងយ៉ាង៖ ថ្ងៃនេះ កូរ៉េខាងជើងបាញ់មីស៊ីលបលលីស្ទីក (ballistic) ២គ្រាប់ធ្លាក់នៅក្បែរឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ហើយទំនងជាការធ្វើតេស្តសមត្ថភាពអាវុធរបស់ខ្លួន។ នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។ មីស៊ីលគ្រាប់ទីមួយហោះបានកម្ពស់៥០ម៉ាយ (៨០គីឡូម៉ែត្រ) និងចម្ងាយ២១៧ម៉ាយ (៣៤៩គីឡូម៉ែត្រ)។ ចំណែកមីស៊ីលគ្រាប់ទីពីរហោះបានកម្ពស់៤៣,៥ម៉ាយ (៧០គីឡូម៉ែត្រ) និងចម្ងាយ២១១ម៉ាយ (៣៣៩,៥គីឡូម៉ែត្រ)។

សំណាងល្អ មីស៊ីលទាំងពីរគ្រាប់ធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ ក្រសួងការពារជាតិជប៉ុនថ្លែងថាការបាញ់សាកល្បងមីស៊ីលលើកនេះ និងការបាញ់ដទៃទៀតរបស់កូរ៉េខាងជើងជាការគំរាមកំហែងសន្តិសុខរបស់ជប៉ុន, សន្តិសុខនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ជប៉ុនយល់ថាការបាញ់មីស៊ីលទាំងនេះក៏ជាការរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ និងប៉ះពាល់ខ្លាំងចំពោះសុវត្ថិភាពសាធារណៈ។

ក្រសួងការពារជាតិជប៉ុនថ្លែងថាខ្លួនបានផ្ញើកំណត់ទូតតវ៉ាអំពីករណីនេះរួចហើយ ហើយក៏ប្រកាសថ្កោលទោសទង្វើនេះជាទម្ងន់ផងដែរ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងថ្លែងថាខ្លួនចាប់បានសញ្ញាថាកូរ៉េខាងជើងបាញ់មីស៊ីលយ៉ាងហោចណាស់មួយគ្រាប់នៅថ្ងៃនេះ។ គួរកត់សម្គាល់ថាប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងសម្រុកធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួន និងក៏ធ្វើតេស្តជើងទម្របាញ់កាំជ្រួចហ្វូងជាបន្តបន្ទាប់។

កូរ៉េខាងជើងអះអាងថានេះជាការអភិវឌ្ឍសមត្ថភាពទុកជាផ្នែកដ៏សំខាន់មួយនៃឃ្លាំងអាវុធនុយក្លេអ៊ែរខ្នាតតូចសម្រាប់ការពារខ្លួនទល់នឹងការគំរាមកំហែងពីអាមេរិក និងកូរ៉េខាងត្បូង។ កូរ៉េខាងជើងកំពុងសម្រុកផលិតគ្រាប់មីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំបន្ទាប់ពីប្រទេសនេះបានបញ្ជូនរបស់ទាំងនេះទៅឱ្យរុស្ស៊ីដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន។

ការបាញ់មីស៊ីលនៅថ្ងៃនេះធ្វើឡើងចំពេលមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ អាមេរិកសន្យាថានឹងផលិតនាវាមុជទឹកនុយក្លេអ៊ែរសម្រាប់កូរ៉េខាងត្បូង ហើយនឹងធ្វើទំនើបកម្មវិស័យការពារជាតិរបស់ប្រទេសនេះ។ ទីក្រុងវ៉ាស៊ីនតោនចង់កាត់បន្ថយតួនាទីរបស់ខ្លួននៅក្នុងការតទល់ជាមួយកូរ៉េខាងជើង និងចង់ផ្ទេរតួនាទីនេះទៅឱ្យកូរ៉េខាងត្បូងជាអ្នកនាំមុខវិញម្ដង៕ ប្រភព៖ រ៉យទ័រ (Reuters), ញូស្វីក (Newsweek) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ