រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់អីវ៉ាន់អនឡាញម្នាក់ ត្រូវបានប្ដីត្រលប់មកពីធ្វើការវិញ ប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ទឹក ហើយដោយមិនអស់ចិត្ត បុរសជាប្ដី ក៏បានហៅម៉ូតូកង់បី ដឹកនាងទៅកាន់មន្ទីរពហុព្យាបាល«សុខ លាភមេត្រី» ហើយពេលទៅដល់គ្រូពេទ្យ បានលើដាក់លើហ្វ្រង់កា យកទៅពិនិត្យឃើញស្ត្រីរូបនេះស្លាប់បាត់ហើយ។ បន្ទាប់មក ពេទ្យឯកជនខាងលើនោះ ក៏បានយករថយន្តសង្គ្រោះរបស់ខ្លួន ដឹកសពស្ត្រីខាងលើទៅដាក់នៅវត្តអង្គតាមិញ ហើយទារប្រាក់ថ្លៃដឹកសព ១០០ដុល្លារ ប៉ុន្តែដោយសារតែតម្លៃនេះ ថ្លៃពេក ទើបបុរសជាប្ដីសពព្រមទូទាត់ឲ្យថ្លៃដឹកនេះ តែ៥០ដុល្លារ តែប៉ុណ្ណោះ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្ដីបាននិយាយថា ប្រពន្ធគាត់ ដែលស្លាប់នោះឈ្មោះ ដា ពុធ ហៅរ័ត្ន អាយុ៣៤ឆ្នាំ មុខរបរលក់អីវ៉ាន់អនឡាញ មានស្រុកកំណើតនៅភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាងមានជំងឺថប់ដង្ហើមយូរមកហើយ។ ចំណែរូបគាត់ដែលជាប្ដីឈ្មោះ អៀម វណ្ណ អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅភូមិអង្គជោតិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
ប្ដីរូបនោះ បាននិយាយបន្ថែមទៀតថា នៅវេលាព្រឹកកើតហេតុខាងលើ គាត់បានចេញទៅធ្វើការក្រុមហ៊ុន ហើយប្រពន្ធរបស់គាត់បាននៅផ្ទះជួលជាមួយប្អូនប្រុសម្នាក់ទៀត ប៉ុន្តែក្រោយមកប្អូនប្រុស ក៏បានទៅរៀនបាត់ទៀត ហើយប្រពន្ធគាត់បាននៅផ្ទះម្នាក់ឯង។ ពេលនោះ ពុំបានដឹងថា ប្រពន្ធគាត់មានរឿងអ្វីនោះទេ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល នៅពេលដែលគាត់ចេញពីធ្វើការទៅដល់បន្ទប់ជួល ក៏ស្រាប់តែឃើញប្រពន្ធដួលផ្កាប់មុខក្នុងស្ថានភាពចោមពង់ នៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់ជួល បាត់ទៅហើយ ។
គាត់បានបញ្ជាក់ទៀតថា ខណៈនោះ គាត់ក៏បានហៅម៉ូតូកង់បី ដឹកប្រពន្ធទៅកាន់មន្ទីរពហុព្យាបាល«សុខ លាបមេត្រី» ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ហើយពេលទៅដល់គ្រូពេទ្យ ពិនិត្យឃើញស្ត្រីរូបនេះស្លាប់បាត់ហើយ។ បន្ទាប់មក ពេទ្យឯកជនខាងលើ ក៏បានយករថយន្តសង្គ្រោះរបស់ខ្លួន ដឹកសពទៅដាក់នៅវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ហើយទារថ្លៃដឹកសព ចំនួន១០០ដុល្លារ ប៉ុន្តែដោយសារ តែថ្លៃពេក រូបគាត់ឲ្យតែ៥០ដុល្លារប៉ុណ្ណោះ ដោយឡែក ថ្លៃដឹកសពទៅកាន់ស្រុកកំណើតនៅខេត្តពោធិ៍សាត់ ២៥០ដុល្លារ ផ្សេងទៀត ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១ រួមជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ រកឃើញថា ស្ត្រីនោះស្លាប់ដោយគាំងបេះដូង ហើយសព ត្រូវបានប្ដីនាំយកទៅធ្វើបុណ្យ នៅឯខេត្តពោធិ៍សាត់ ៕







ចែករំលែកព័តមាននេះ