ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​បារាំង​-​អាស៊ីសន្យា​បន្ត​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​បារាំង និង​ប្រទេស​អាស៊ី

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អតីត​តំណាងរាស្ត្រ​បារាំង និង​ជា​ប្រធាន​សមាគម​បារាំង​-​អាស៊ី សន្យា​បន្ត​​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​បារាំង និង​ប្រទេស​អាស៊ី​ជា​សមាជិកសមាគម ។ ការ​សន្យា​នេះ ធ្វើឡើងកាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ​ ៖ ​អតីត​តំណាងរាស្ត្រ​បារាំង និង​ជា​ប្រធាន​សមាគម​បារាំង​-​អាស៊ី សន្យា​បន្ត​​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​បារាំង និង​ប្រទេស​អាស៊ី​ជា​សមាជិកសមាគម ។

ការ​សន្យា​នេះ ធ្វើឡើងកាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ពេល​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​ឯកឧត្តម Jean-Marie Cambacérès អតីត​តំណាងរាស្ត្រ​បារាំង និង​ជា​ប្រធាន​សមាគម​បារាំង​-​អាស៊ី ព្រមទាំង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​ដ៏​ល្បី​នៅ​ប្រទេស​បារាំង​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​លើ​ការ​ផ្សព្វ​ផ្សាយ​​សក្តានុពល​ទេសចរណ៍​កម្ពុជានៅ​ទីស្តីការក្រសួង​ ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ប្រកបដោយ​ផ្លែផ្កា​នេះ ឯកឧត្តម​ប្រធាន​សមាគម​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីពី​ការ​ចូលរួម​របស់​សមាគម​កន្លង​មក​ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេស​ចរណ៍ និង​កាលានុវត្តភាព​វិនិយោគ​កម្ពុជា​ដល់​ប្រជាជន​បារាំង ក៏​ដូច​ជា​វិនិយោគិន​ធំ​ៗ ដែល​ជា​សមាជិក​របស់​សមាគម​ក្នុង​តំបន់​អាស៊ី​ឱ្យមក​ទស្សនា និង​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដែល​​ជា​ប្រទេស​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ សុខ​សុវត្ថិភាព និង​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ យន្តការ​លើកទឹកចិត្ត​ដ៏​ទាក់ទាញ​ ។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម​ប្រធាន​សមាគម​ក៏​បាន​លើក​ពី​គំនិត​ផ្តួចផ្តើម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និង​កាលានុវត្តភាព​វិនិយោគ​របស់​កម្ពុជា​ក្នុង​ទស្សនាវដ្តី​ដ៏​ធំ និង​ល្បី «L’Ess​entiel des Relations Internationales»ដែល​មាន​អ្នក​អាន​ជា​ច្រើន​ជុំវិញ​ពិភពលោក ពិសេស​​ក្នុង​ប្រទេស​និយាយ​ភាសា​បារាំង ហើយ​បោះពុម្ព​ជា​ច្រើន​ម៉ឺន​ច្បាប់​ក្នុង​មួយ​លេខ​ៗ​ ។ កន្លង​មក ​ទស្សនាវដ្តី​នេះ ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រទេស​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និង​កាលានុវត្តភាព​វិនិយោគ​របស់​ខ្លួន ដោយ​ទទួល​បានការ​ចាប់​អា​ម្មរណ៍​ជា​ច្រើន​​ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​។

ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ក៏​ដូច​ជា​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏​សកម្ម និង​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ប្រធាន​ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ដែល​កំពុង​រះ​ដ៏​ចិញ្ចាច​ជាមួយ​កាលា​នុ​វត្ត​វិនិយោគ​ដ៏​ល្អជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ឆ្ពោះទៅ​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់ និង​ជា​ប្រវត្តិ​សាស្ត្រ​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​លើក​ទី​២០ (​ហ្វ្រ​ង់​កូ​ហ្វូ​នី​) នា​ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ