រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរសព្ទពីក្មេងកំពុងអង្គុយលេងហ្គេម នៅមុខផ្ទះ កាលពី២ថ្ងៃមុន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍គោករការ ខណ្ឌព្រែកព្នៅស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ជាបន្តបន្ទាប់ ។
ជនសង្ស័យរូបនោះ ៖ ១-ឈ្មោះធឿន ប្រុសពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះអាង សុខជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៣៨ ផ្លូវបេតុង ភូមិអណ្ដូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខាងកើតវត្តជុំ ក្នុងភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
គូសបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៤៤នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែវិច្ឆិកា ថ្នាំ២០២៥ ជនសង្ស័យមានគ្នាចំនួន ៣នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទពីក្មេងកំពុងលេងហ្គេមនៅមុខផ្ទះ នៅក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីឆក់ទូរសព្ទបានសម្រេច ក្មេងបានស្រែកឆោឡោ។ បន្ទាប់ពីមានករណីនេះ ក៏មានការបង្ហោះវីដេអូ ពីសកម្មភាពនៅក្នុងបណ្ដាញសង្គម និងស៊ែរតៗគ្នា។ លុះរំលងបានពីរថ្ងៃ ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួនពីរនាក់ និងម្នាក់ទៀត កំពុងរត់គេចខ្លួន ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕











ចែករំលែកព័តមាននេះ