រដ្ឋសភាកម្ពុជា ស្នើប្រធានាធិបតីអាមេរិក បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
រាជធានីភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាមរយៈ គណៈប្រតិភូ សមាជិកសភាអាមេរិក បានស្នើជូន…
រាជធានីភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាមរយៈ គណៈប្រតិភូ សមាជិកសភាអាមេរិក បានស្នើជូន…
រាជធានីភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាមរយៈ គណៈប្រតិភូ សមាជិកសភាអាមេរិក បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាតិទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០ និងឆ្នាំ២០២៥០ ។
ការស្នើរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។
តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើម និងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជានិងថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ បានជួយសង្គ្រោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំងពីរ ។
សូមជម្រាបថា គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានអញ្ជើញមកពីគណបក្សទាំងពីរ របស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ។
លោកជំទាវ បេត វ៉ាន់ ដាញ បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជា នាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែម លើគ្រប់វិស័យ មានទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។
លោកជំទាវ បានគូសបញ្ជាក់ថា មុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃ ផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថា ប្រជាពលរដ្ឋប្រទេសទាំងពីរ ត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាព ដូចគ្នា ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ បានហែលឆ្លងទុក្ខវេទនា វិនាសកម្មពីសង្គ្រាមច្រើនណាស់មកហើយ ដូច្នេះមិនចង់ឃើញសង្គ្រាមទៀតឡើយ។ ដោយគិតគូរពីអាយុវជីវិតពលរដ្ឋ និងសុខសន្តិភាព ជាអាទិភាព គ្រាន់តែមានការឈ្លានពានពីប្រទេសថៃភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតសូមអន្តរាគមន៍ពី ឯកឧត្តមប្រធានាធិបតីអាមេរិក ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទាំងសងខាង ។
ឆ្លើយតប ការអន្តរាគមន៍ដ៏មានតម្លៃរបស់ ឯកឧត្តមប្រធានាធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំពានរង្វាន់ណូបែលសន្តិភាព ជូនឯកឧត្តមប្រធានាធិបតីអាមេរិក។ នៅក្នុងលិខិតផ្ញើជូនសម្តេចធិបតី វិញ ឯកឧត្តម ដូណាល់ ត្រាំ បានវាយតម្លៃថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព និងបានគូសបញ្ជាក់ពីមោទនភាពរបស់ឯកឧត្តម ដែលបានចូលរួមជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែបទឈប់បាញ់ ស្ថិតនៅក្នុងស្ថានភាពផុយស្រួច នៅឡើយ ដូច្នេះកម្ពុជាស្នើសុំសហរដ្ឋអាមេរិកបន្តចូលរួម និងសង្កេតការណ៍ ក៏ដូចជាស្វែងរកដោះស្រាយដោយសន្តិវិធី ជូនពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ។
សម្តេចប្រធានរដ្ឋសភា និងសមាជិកសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះ សម្តេចក៏បានថ្លែងអំណរគុណជូនសហរដ្ឋអាមេរិក ដែលបានបញ្ចុះពន្ធជូនកម្ពុជា ពីចំនួន៤៩% មកនៅត្រឹម១៩%។ ការបញ្ចុះពន្ធនេះមានសារៈសំខាន់នៅក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិនិងជីវភាពរបស់ពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ សម្តេចបានស្នើសុំសមាជិកសភាសហរដ្ឋសអាមេរិកបន្តកៀរគរអ្នកវិនិយោគ អ្នកទេសចរ មកកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោកជំទាវ បេត វ៉ាន់ ដាញ បានបង្ហាញសុទិដ្ឋិយម ដោយហេតុថាអ្នកវិនិយោគសហរដ្ឋអាមេរិកជាច្រើនបានចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា។ ចំណែកអ្នកបានវិនិយោគនៅកម្ពុជាហើយ មានការពេញជាខ្លាំងនៅក្នុងការវិនិយោគនៅកម្ពុជា ។
លោកជំទាវ បានគូសបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើន របស់កម្ពុជាក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង លើគ្រប់វិស័យរួមទាំងការវិនិយោគនិងពាណិជ្ជកម្មជាដើម ៕
ចែករំលែកព័តមាននេះ