រាជធានីភ្នំពេញ៖ សិល្បៈយោធាភិរម្យ កងទ័ពជើងគោក ចូលរួមសម្តែងសិល្បៈ នៅប្រទេសវៀតណាម ក្នុងឱកាសអបអរសាទរខួបអនុស្សារីយ៍លើកទី៨០ឆ្នាំ ទិវាឯករាជ្យជាតិ ដើម្បីរួមចំណែកពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថាតបតាមការអញ្ជើញពីសំណាក់ពីភាគីមិត្តវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក, ក្រុមសិល្បៈយោធាភិរម្យ កងទ័ពជើងគោក បានអញ្ជើញចូលរួមសម្តែងសិល្បៈ នៅសាធារណសង្គមនិយមវៀតណាម ក្នុងឱកាសដើម្បីអបអរសាទរខួបអនុស្សារីយ៍លើកទី៨០ឆ្នាំ ទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបជូនថា ការសម្តែងរបស់សិល្បៈយោធាភិរម្យ កងទ័ពជើងគោកនៅតាមបណ្តាអង្គភាពមួយចំនួននៃកងទ័ពប្រជាជនវៀតណាមក្រោមប្រធានបទ « មិត្តភាពកម្ពុជា-វៀតណាម» និងស្របទៅតាមពាក្យស្លោក« ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរផងដែរ៕
ចែករំលែកព័តមាននេះ