បរទេស ៖ តម្លៃមាសអន្តរជាតិបានបន្តដំណើរបំបែកកំណត់ត្រាខ្ពស់បំផុតគ្រប់ពេល នៅក្នុងការជួញដូរថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ពីការបំបែកកំណត់ត្រាលើកដំបូងកាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅ ដោយសារតែភាពមិនច្បាស់លាស់លើទីផ្សារសកល និងទំនុកចិត្តវិនិយោគិនរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅខែនេះ បណ្តាលឱ្យតម្រូវការលោហៈធាតុដ៏មានតម្លៃ និងជាទ្រព្យសម្បត្តិដ៏សុវត្ថិភាពបំផុត អំឡុងពេលស្ថានភាពសកលស្ថិតក្នុងភាពមិនច្បាស់លាស់មួយនេះ កើនឡើងខ្លាំង។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៣ ៥៤៦ដុល្លារក្នុង១អោន ឬ ៤ ២៧២ដុល្លារក្នុង១តម្លឹង មុនពេលរក្សាតម្លៃមកនៅត្រឹម ៣ ៥៤២ដុល្លារក្នុង១អោន ឬ ៤ ២៦៧ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។
ការកើនឡើងភាពមិនច្បាស់លាស់ និងភាពតានតឹងពាណិជ្ជកម្ម ដែលអាចកើតមាននៅក្នុងទីផ្សារសកល បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ខ្លួននឹងស្នើសុំតុលាការកំពូលអាមេរិក សម្រាប់សេចក្តីសម្រេចឱ្យបានឆាប់ពាក់ព័ន្ធនឹងពន្ធគយ ដែលតុលាការឧទ្ធរណ៍អាមេរិក កាលពីសប្តាហ៍មុនបានរកឃើញថា ខុសច្បាប់។
អ្នកជំនាញលើកឡើងថា សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ទំនងនឹងបង្ហាញពីភាពមិនច្បាស់លាស់ជាច្រើនចូលទៅក្នុងទីផ្សារសកល ប្រសិនបើសេចក្តីសម្រេចនោះ មិនដំណើរការតាមវិធី ឬគោលនយោបាយរបស់លោក ត្រាំ។ កត្តាមួយទៀត កើតចេញពីវិបត្តិទំនុកចិត្តវិនិយោគិនពាក់ព័ន្ធនឹងប្រាក់ដុល្លារអាមេរិក ដោយសារឥទ្ធិពលរបស់លោក ត្រាំ (Donald Trump) លើឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក ព្រោះលោក ត្រាំ បាននិងកំពុងដាក់សម្ពាធឥតឈប់ឈរលើធនាគារកណ្តាលអាមេរិក និងលោក Jerome Powell ដែលជាប្រធាន ដើម្បីកាត់បន្ថយអត្រាការប្រាក់។
វិនិយោគិនបច្ចុប្បន្នកំពុងបង្ហាញក្តីរំពឹងខ្ពស់ដល់ ៩២% ថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន ២៥ ពិន្ទុ នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។ លើសពីនេះ វិនិយោគិនក៏កំពុងទន្ទឹងរង់ចាំទិន្នន័យស្ថានភាពការងារដែលមិនមែនវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីកំណត់ទំហំនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែនេះ។
យោងតាមរបាយការណ៍ពី SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានបង្ហាញថា ការកាន់កាប់របស់ខ្លួនបានកើនឡើង ១,៣២% នៅក្នុងចំនួនរហូតដល់ ៩៩០,៥៦តោន កាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែសីហា ឆ្នាំ២០២២៕


ចែករំលែកព័តមាននេះ