ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ជើង​ខ្លាំង តែ សូត្រ ប៊ុ​ន​ធី នៅ​តែ​សំណាង​​វាយ​ឱ្យ​សន្លប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ សូត្រ ប៊ុ​ន​ធី ដែល​គេ​ស្គាល់​ភាគច្រើន​ថា ជា​កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​ម្នាក់ មិនសូវ​ទទួល​ឡើង​រេញ​នា​ពេល​ចុង​ក្រោយ​។…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ សូត្រ ប៊ុ​ន​ធី ដែល​គេ​ស្គាល់​ភាគច្រើន​ថា ជា​កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​ម្នាក់ មិនសូវ​ទទួល​ឡើង​រេញ​នា​ពេល​ចុង​ក្រោយ​។ លោក​ក៏​បាន​សារភាព​ថា មិនសូវ​បាន​ចូល​ក្លិប​ហ្វឹកហាត់​ញឹកញាប់ ឬ​ជាប់លាប់​ដូច​មុន​នោះ​ទេ អុីចឹ​ង​ហើយ ទើប​ការ​ឡើង​ប្រកួត​របស់​លោក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ហាក់​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិនសូវ​ទុកចិត្ត​។

យ៉ាងណាមិញ ការ​ប្រកួត​ទាំងមូល​នៅ​តែ​អាច​ធ្វើ​ឱ្យ​ក្រេ​ឌី​តរបស់​កីឡាករ​រូប​នេះ លេចធ្លោរ​ដដែល បន្ទាប់​គេ​អាច​ទាត់​បំបាក់​ជ​ន្ទ​ល់ និង​វ័ធ​កែង ហើយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បរាជ័យ​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ បើ​ទោះជា​កីឡាករ​ថៃ ត្រូវ​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​។

ការ​ប្រកួត​អន្តរជាតិ ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​ស្ទី​ឌី​យោ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ កីឡាករ​ល្បីឈ្មោះ សូត្រ ប៊ុ​ន​ធី ត្រូវ​ប៉ះ​កីឡាករ​ថៃ​ឈ្មោះ Kang Kongvan ដែល​ជា​កីឡាករ​វ័យក្មេង និង​មាន​ថ្វីដៃ​មិនធម្មតា​ម្នាក់​។

ការ​ប្រកួត​នេះ​ម្នាក់​ៗ​មិន​រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ដោយ​ស្រួល​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង ហើយ​ត្រូវ​គេ​ស្គាល់​ថា មាន​ប្រវត្តិ​ប្រកួត​ច្រើន ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា គឺជា​ជើង​ខ្លាំង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ គេ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត​។ ម្នាក់​ៗ​យល់​ថា កីឡាករ​កម្ពុជា រវល់​តែ​នឹង​ការងារ​ខាង​ក្រៅ​ច្រើន​ជាង​ឡើង​ប្រដាល់ ទើប​ពិបាក​ឱ្យ​អ្នកគាំទ្រ​ជឿ​ថា គេ​នៅ​តែ​មាន​សមត្ថភាព​ដូច​ដើម ឬ​ធ្លាក់ដៃ​ហើយ​។

យ៉ាងណាមិញ កីឡាករ សូត្រ ប៊ុ​ន​ធី មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ដោយ​សម្រុក​វាយ​កីឡាករ​ថៃ ដោយ​ប្រឹង​សម្រុក​វ័ធ​កែង​ផង ម៉ាត់​ផង ហើយ​បើ​ទោះជា​កីឡាករ​ថៃ​វ័ធ​មួយ​កែង​ធ្វើ​ឱ្យ​គេ​បែក​ចុង​ចិញ្ចឹម ក៏​កីឡាករ​សូត្រ ប៊ុ​ន​ធី នៅ​តែ​ស៊ូ​សម្រុកចូល ហើយ​វាយ​តតាំង​ជាមួយ​កីឡាករ​ថៃ ធ្វើ​ឱ្យ​កីឡាករ​ថៃ ធ្លាក់​ក្នុង​សភាព​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៣​ដង​តែ​ម្ដង ក្នុង​ទឹក​ទី​៤ ខណៈ​ដែល​ជ័យ​ជ​ម្នៈ​នេះ ត្រូវ​គេ​មើលឃើញ​ថា កើតឡើង​ពី​សំណាង​វាយ​ត្រូវ​គោលដៅ​ដែល​នាំ​ឱ្យ​រាប់​ម្ដង​ដំបូង ទើប​នាំ​ឱ្យ​មានឱកាស​វាយ​ឱ្យ​រាប់​លើក​ទី​២ និង​លើក​ទី​៣​តែ​ក្នុង​មួយ​ទឹក​។

សូត្រ ប៊ុ​ន​ធី ទទួលស្គាល់​ថា ដ្បិតតែ​លោក​ទទួល​ប្រកួត​តិច​ជាង​មុន ហើយ​មមាញឹក​ខ្លាំង​នឹង​ការ​រក​ចំណូល​ខាងក្រៅ ប៉ុន្តែ​លោក​ក៏​មាន​វិធានការ​ការពារ​កម្លាំង​របស់​លោក មិន​ឱ្យ​បាក់​ស្រុត​។ លោក​ថា កីឡា​ករ​ថៃ គឺជា​ជើង​ខ្លាំង​ម្នាក់ ដែល​លោក​ក៏​បុក​ពោះ​ដែរ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​មិន​ចុះចាញ់​ចំពោះ​ការ​ប្រកួត ទើប​លោក​ចេះ​តែ​សម្រុកចូល​ដោយ​មិនរ​អារ ទើប​ធ្វើ​ឱ្យ​លោក​ទទួល​បាន​លទ្ធផល​ឈ្នះ ដែល​លោក​ចង់បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ