ម្ចាស់ជើងឯកពិភពលោកស្ថាប័ន WBC ហ្វ្លយ មេវេដឌ័រ នឹងឡើងសង្វៀនប្រកួតការពារនិងដណ្តើមខ្សែក្រវាត់ស្ថាប័ន WBA ក្នុងប្រភេទទម្ងន់ Welterweight ពីកីឡាករអាហ្សង់ទីនម៉ាកូស មេដាណា នៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ ។ ការប្រកួតនឹងរៀបចំនៅសង្វៀន MGM Grand Hotel & Casino ស្ថិតក្នុងទីក្រុងឡាសវេហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក ។
កាលពីសប្តាហ៍កន្លងទៅ មេវេដឌ័រ ធ្លាប់បានធ្វើប្រជាមតិតាមគេហទំព័រ Twitter របស់ខ្លួនអំពីជម្រើសគូប្រកួតរវាងអាមៀ ខាន់ និងមេដាណា ។ ជាលទ្ធផលបង្ហាញថា អ្នកគាំទ្រភាគច្រើនចង់ឱ្យរូបគេជួបប្រកួតជាមួយអាមៀ ខាន់ ។ យ៉ាងណាក៏ដោយ កីឡាករអាមេរិករូបនេះមិនបានធ្វើតាមអ្នកគាំទ្រឡើយ ដោយបានជ្រើសយកមេដាណា ហើយថា មេដាណាជាគូដ៏ស័ក្តិសមបំផុត ។
គេបានថ្លែងថា ៖ «នេះជាការប្រកួតដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់ខ្ញុំ ហើយរូបគេ(មេដាណា) សមនឹងទទួលបានឱកាសលើកនេះដើម្បីមើលថា តើគេអាចធ្វើបានទេនូវអ្វីដែលអ្នកដទៃទៀតចំនួន៤៥នាក់បានព្យាយាមធ្វើពីមុនមក»។ កីឡាករមិនធ្លាប់ចាញ់រូបនេះបានបន្ថែមថា ៖ «បច្ចេកទេសប្រកួតចុងក្រោយរបស់កីឡាករមេដាណា បានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំភ្លាមមួយរំពេច ។ គេជាអ្នកប្រយុទ្ធពេញទៅដោយជំនាញដែលអាចនាំមកនូវគ្រោះថ្នាក់ចាញ់ដោយសន្លប់ចំពោះដៃគូនៅលើរេញ»។
កេរ្តិ៍ឈ្មោះរបស់មេដាណា បានល្បីរន្ទឺកាន់តែខ្លាំងឡើង ខណៈកាលពីខែធ្នូឆ្នាំកន្លងទៅ រូបគេបានបំបាក់ម្ចាស់ជើងឯកពិភពលោក៣ជំនាន់ដែលពុំស្គាល់ពាក្យថាចាញ់ Adrien Broner ។ ចំពោះជំនួបជាមួយមេវេដឌ័រ លើកនេះ មេដាណា បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ។ កីឡាករវ័យ៣០ឆ្នាំរូបនេះថ្លែងថា ៖ «ខ្ញុំសប្បាយចិត្តរកអ្វីផ្ទឹមពុំបានដែលទទួលបានឱកាសឡើងវ៉ៃជាមួយកីឡាករហ្វ្លយ មេវេដឌ័រ ។ ការប្រកួតនេះនឹងផ្តល់ឱកាសឱ្យខ្ញុំបានបង្ហាញប្រាប់ពិភពលោកថា ខ្ញុំក៏ជាកំពូលជើងខ្លាំងម្នាក់ផងដែរក្នុងប្រភេទទម្ងន់ Welterweight ។ ខ្ញុំទើបតែបានផ្តួលជើងខ្លាំងម្នាក់ឱ្យចាញ់ជាលើកទី១ ក្នុងអាជីព ហើយខ្ញុំនឹងធ្វើឱ្យបានដូចគ្នានេះដែរពេលជួបជាមួួយមេវេដឌ័រ»។
សូមបញ្ជាក់ថា មេដាណា នៅក្នុងចំនួនឡើងសង្វៀនសរុប៣៨លើក គេចាញ់៣លើក មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់៣១លើក ។ ដោយឡែក មេវេដឌ័រ វិញ នៅក្នុង៤៥ប្រកួតគឺគេមិនដែលចាញ់ម្តងណាឡើយ ។ គេធ្លាប់ទាំងផ្តួលដៃគូឱ្យសន្លប់បាន២៦លើកទៀតផង ។ ប្រកួតលើកចុងក្រោយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ឈ្នះកីឡាករម៉ិកស៊ិកសូល អាល់វ៉ារេស ៕
ចែករំលែកព័តមាននេះ