យោងតាមប្រភពព័ត៌មានពីគេហទំព័រក្លិប Man City ចេញផ្សាយកាលពីថ្ងៃពុធ ទី២៦ កុម្ភៈ ឆ្នាំ២០១៤ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Sergio Aguero នឹងវិលត្រឡប់ចូលទីលានប្រកួតវិញហើយ បន្ទាប់ពីជាសះស្បើយនៅក្នុងជំនួបជាមួយក្រុម Sunderland រាត្រីថ្ងៃអាទិត្យ ទី២ មីនា ក្នុងការប្រកួតក្របខណ្ឌខាលីងខាប់វគ្គផ្តាច់ព្រ័ត្រ ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានរងរបួសសរសៃពួរសាច់ដុំក្នុងអំឡុងពេលប្រកួតជាមួយក្រុម Tottenham ហើយបានឈប់សម្រាកអស់រយៈពេល៤សប្តាហ៍កន្លងមកហើយ ។ ព័ត៌មានទាក់ទងទៅនឹងការវិលត្រឡប់ចូលទីលានប្រកួតរបស់កីឡាកររូបនេះ បានធ្វើឱ្យលោក Pellegrini គ្រូបង្វឹកក្លិប Man City ហាក់ដូចជាបានធូទ្រូងបន្តិច ពីព្រោះកីឡាកររូបនេះជារឿយៗតែងតែរកគ្រាប់បាល់ឱ្យក្លិប ហើយក៏ជាកម្លាំងចលករដ៏សំខាន់ដើម្បីឱ្យមិត្តរួមក្រុមកាន់តែមានទឹកចិត្តប្រយុទ្ធ ។
គួររំលឹកថា កីឡាករ Sergio Aguero បានមកលេងឱ្យក្លិប Man City តាំងពីឆ្នាំ២០១១ ។ នៅជាមួយក្លិបនេះធ្លាប់សុ៊តបាល់បញ្ចូលទីបាន៥០គ្រាប់ ក្នុងការបង្ហាញវត្តមាន៨១ប្រកួត ៕
ចែករំលែកព័តមាននេះ