ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានធ្លាក់ខ្លួនពិការភ្នែកម្ខាង ហើយអះអាងថា គាត់ និងកូនស្រី ២នាក់ទៀត ត្រូវបានប្ដីចុងចិត្តអប្រិយ ដែលអតីតជាគ្រូពេទ្យប៉ងកាប់សម្លាប់ដ៏សាហាវមួយ កាលពីជិត ៨ខែមុន នៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ហើយបានគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបតែបែកធ្លាយនៅពេលជួបជាមួយអ្នកយកព័ត៌មាន និងសំណូមពរឲ្យជួយចុះផ្សាយរឿងរ៉ាវនេះ ព្រោះគិតថា ជាអំពើអយុត្តិធម៍។
ស្ត្រីរងគ្រោះខាងលើឈ្មោះ យឿន លីណា អាយុ ៤២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានប្រាប់ថា ប្ដីចុងចិត្តអប្រិយនេះ មានឈ្មោះច្រើនរហូតដល់ទៅ៣ គឺឈ្មោះ សាន សារ៉េត, ដួង សម្បត្តិ, សុខ ពៅ អាយុ ៥២ឆ្នាំ អតីតជាគ្រូពេទ្យផ្នែកវះកាត់នៅមណ្ឌលសុខភាពម៉ាឡៃ និងមានទីលំនៅភូមិជ្រោយស្ដៅ ឃុំបឹងព្រីង ស្រុកថ្មគោល។
គាត់បន្តថា រវាងគាត់ និងប្ដីអប្រិយនោះ បានគ្នាជាប្ដីប្រពន្ធនៅឆ្នាំ២០០៣ ខណ:គាត់នាំកូនៗ រត់ចោលប្ដីមុន ព្រោះប្រើអំពើហិង្សានៅឯស្រុកក្រគរ ខេត្តពោធិ៍សាត់ មករស់នៅព្រំដែនក្នុងស្រុកម៉ាឡៃ។ ក្នុងហេតុការណ៍គ្រានោះ បានកើតឡើងនៅវេលាម៉ោង ១យប់រំលងអាធ្រាត្រ ចូលព្រឹកថ្ងៃទី០១ មិថុនា ២០១៣ ហើយក្រៅពីរូបគាត់នៅមានកូនស្រីប្ដីមុនរបស់គាត់ ២នាក់ផ្សេងទៀត ដែលកូនស្រីច្បងអាយុ ១៩ឆ្នាំ ឈ្មោះ សាន ដាណែត ត្រូវបានប្ដីចុងកាប់របួសផ្ទៃមុខ ១ពូថៅ និងកូនស្រីទី២ ឈ្មោះ សាន ស្រីណុច អាយុ ១៣ឆ្នាំ កាប់៤ពូថៅ ចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ទាំង ៣នាក់ ម្ដាយ និងកូន។
ស្រ្តីរងគ្រោះបន្តថា ហេតុការណ៍កើតហិង្សានេះ បណ្ដាលមកពីភ្លើងប្រចណ្ឌ គឺប្ដីគាត់ហាមឃាត់មិនឲ្យគាត់ទៅណាមកណា ឬទាក់ទងជាមួយនរណានោះទេ។ មិនតែប៉ុណ្ណោះ នៅយប់កើតហេតុ ជនដៃដល់បានសុំគាត់រួមរ័ក្ស តែគាត់មិនព្រម ព្រោះគាត់មិនស្រួលខ្លួនបែរជាប្ដីកំហូចនោះ និយាយថា បើមិនឲ្យរួមដំណេកគេនឹងទៅដេកជាមួយកូនស្រីរបស់គាត់ ពេលនោះ ក៏កើតរឿងតែម្ដង។ ស្រ្តីរងគ្រោះបន្តថា មុនហេតុការណ៍ នៃអំពើកាប់ចាក់នោះ ប្ដីរបស់គាត់ទំនងជាដាក់ថ្នាំក្នុងទឹក ហើយពេលគាត់ផឹកស្រាប់តែដេកលង់លក់ទាល់តែប្ដីនោះកាប់របួសក្បាល និងភ្នែក ទើបដឹងខ្លួនហើយពេលព្យាយាមស្រែកយំកូនឮនាំគ្នាចូលទៅជួយ ក៏ត្រូវប្ដីអប្រិយនោះ កាប់របួសទាំងអស់គ្នាតែម្ដង។
ស្ត្រីខាងលើបន្ថែមថា ជនដៃដល់ក្រោយហេតុការណ៍កើតឡើងបានបើករថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពម៉ាឡៃ ទៅទុកចោលនៅក្រុងប៉ោយប៉ែត ហើយបានគេចខ្លួនបាត់មកទល់បច្ចុប្បន្ន។ ស្ត្រីរូបនេះ ប្រាប់ថា រូបគាត់ និងកូនៗ ក្រោយពីរបួសត្រូវបានគេបញ្ជូនពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ ពីស្រុកម៉ាឡៃ ដល់ប៉ោយប៉ែត បន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងចុងក្រោយត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់នៅឯខេត្តបាត់ដំបង (Emergency)។
អ្វីដែលស្ត្រីខាងលើនិយាយថា ជាអំពើអយុត្តិធម៍នោះ ព្រោះក្រោយកើតហេតុរឿងរ៉ាវហាក់បានកប់បាត់ឈឹងគ្មានដំណោះស្រាយ ហើយពេលគាត់ជជីកសួរទៅសមត្ថកិច្ចពាក់ព័ន្ធ បែរជាឆ្លើយដាក់គ្នា និងថាបាត់ឯកសារទៀតផង។ ស្ត្រីរងគ្រោះពេលនេះ បានធ្លាក់ខ្លួនពិការភ្នែកខាងឆ្វេង និងប្រាប់ថា ក្បាលរបស់គាត់របួសជាច្រើនកន្លែងដោយសារប្ដីអប្រិយនោះ កាប់នឹងពូថៅ ហើយនិយាយថា បើរឿងនេះ រូបគាត់ និងកូនៗ នៅតែរងភាពអយុត្តិធម៍ គាត់ និងនាំកូនៗ ឡើងទៅភ្នំពេញ ដល់មុខផ្ទះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ដើម្បីឲ្យលោកទាំងពីរជួយរកយុត្តិធម៌។
ជុំវិញបញ្ហាខាងលើ លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ កុម្ភៈ ថា ហេតុការណ៍ខាងលើ គឺពិតជាកើតមានមែនដោយលោកថា គ្រានោះ ជនដៃដល់ក្រោយបង្កហេតុបានបើករថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពទៅចោលនៅក្រុងប៉ោយប៉ែត ហើយលោកទទួលស្គាល់ថា សំណុំរឿងឯកសារបានបាត់មែននាពេលកន្លងមក បើទោះជាលោកបានបញ្ជូនទៅថ្នាក់លើម្តង ជា ២ដង ក៏ដោយ ប៉ុន្តែ លោកប្រាប់ថា ឯកសារលើកទី៣នេះ បានទៅដល់ដៃជំនាញប្រហែលមួយសប្ដាហ៍ហើយ មិនតែប៉ុណ្ណោះ លោកបានទទួលព័ត៌មានថា ពេលនេះ តុលាការកំពុងមានចំណាត់ការផ្លូវច្បាប់ទៀតផង៕
ចែករំលែកព័តមាននេះ