​២នាក់ឪពុកកូន​ទៅមើលឈ្មោះប្រឡងបាក់​ឌុប បែរ​ជា​ជួបគ្រោះ​​តាម​ផ្លូវយ៉ាង​រន្ធត់​ (មានវីដេអូ​)


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា យុវ​តី​ម្នាក់​រួមជាមួយ​ឪពុក​ជិះម៉ូតូមួយគ្រឿង​​ធ្វើ​ដំណើរពីស្រុកមុខ​កំពូល​​ទៅក្រុងតាខ្មៅដើម្បី​មើលឈ្មោះត្រៀមប្រឡងបាក់ឌុប​ ត្រូវរថយន្តដឹកឥដ្ឋ​មួយគ្រឿង​បុក បណ្តាល​ឱ្យ​ស្លាប់​យុវ​តី​ជា​កូននៅ​ចំណុចស្តុប​មួយកន្លែង​ ។

គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះ​បានកើតឡើង​កាលពីវេលាម៉ោង​​​១២ថ្ងៃត្រង់ថ្ងៃទី​១៨ សីហា នៅចំណុចស្តុប​ផ្លូវជាតិលេខ​៦ កែងមហាវិថីឈ្នះឈ្នះ នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ​អ៊ុយ លីលី ភេទស្រី អាយុ១៨ឆ្នាំ ជា​សិស្សនៅ​វិទ្យា​ល័យ​សិរីមង្គលរកាកោង មានទីលំនៅ​ភូមិរកាកោង ឃុំរកាកោង​១ ស្រុកមុខ​កំពូល ខេត្តកណ្តាល ។ ​រីឯ​ឪពុករបស់​ជនរងគ្រោះ​មិនស្គាល់អត្តសញ្ញាណនោះទេ ។ ទាំង​ពីរនាក់ឪពុក​និង​កូន​ជិះ​ម៉ូតូមួយគ្រឿងម៉ាកហុង​ដា ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-៧០៧០ ។

​ចំណែក​​រថយន្តដឹកឥដ្ឋមួយគ្រឿង​ម៉ាកហ៊ីយ៉ាន់ដ​ាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣D-២៧៧៥ បើកបរ​ដោយអ្នកបើកបរ​ឈ្មោះ​អេ​ង​ ទិ​ត្យ ភេទប្រុស ​អាយុ​២២​ឆ្នាំ​ មាន​លំនៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​នរាយ​ ស្រុក​ឈូក ខេត្តកំពត ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា មុនពេលកើតហេតុ យុវតីរងគ្រោះ​និង​ឪពុកជិះម៉ូតូមួយគ្រឿង​​ធ្វើដំណើរ​ពីស្រុកមុខ​កំពូល គោលបំណងទៅក្រុងតាខ្មៅ ដើម្បីមើលឈ្មោះ​ត្រៀមប្រឡងបាក់ឌុប​នៅថ្ងៃទី​​​១៩ សីហា ។ លុះធ្វើ​ដំណើរ​មកដល់​ចំណុចស្តុប​ខាងលើ​ ក៏បាន​ឈប់ស្តុបដែលមាន​​យានយន្ត​ជាច្រើនទៀតកំពុងឈប់​ស្តុបផងដែរ​ ពេលនោះ​ស្រាប់តែមាន​រថយន្ត​ដឹកឥដ្ឋ​មួយ​គ្រឿង​បើកបុកពីក្រោយ បណ្តាល​ឱ្យ​កិនយុវតីរងគ្រោះស្លាប់​នៅ​នឹងកន្លែងកើតហេតុ​តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែ​សម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ