ប្រទេសស្រីលង្កា ៖ សកម្មជនម្នាក់នៅក្នុងប្រទេសថៃ កំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរសម្រាប់សត្វដំរីឈឺមួយក្បាលមានអាយុ៧០ឆ្នាំទៅហើយ ដែលត្រូវបានគេបង្ខំឱ្យធ្វើការនៅពេលយប់ជាប់ៗគ្នានៅក្នុងពិធីបុណ្យមួយនៅឯ Kandy ប្រទេសស្រីលង្កា ទោះបីជាវាមានស្ថានភាពទន់ខ្សោយគួរឱ្យព្រួយបារម្ភក៏ដោយ ។

ដំរីញីឈ្មោះ ទ្រីគីរី (Tikiri) មានសភាពទន់ខ្សោយណាស់ដែលរាងកាយដ៏ស្គមកំព្រឹងចេញឆ្អឹងជំនីរបស់វាត្រូវបានបិទបាំងដោយសម្លៀកបំពាក់ចម្រុះពណ៌ ហើយបានដើរចម្ងាយរាប់ម៉ៃល៍ជារៀងរាល់យប់ក្នុងពិធីបុណ្យសាសនានេះ ។

បើយោងតាមនាង Lek Chailert ដែលជាស្ថាបនិកមូលនិធិដំរី បានឱ្យដឹងថា ស្របពេលនឹងទិវាដំរីពិភពលោកនោះ នាងបានកត់សម្គាល់ឃើញថា គ្មាននរណាម្នាក់បានឃើញរាងកាយរបស់ Tikiri ក្នុងសភាពទន់ខ្សោយទេ ដោយសារតែសម្លៀកបំពាក់បិទបាំងជិតអស់ហើយ ។

Tikiri ជាដំរីញីដែលមានអាយុ៧០ឆ្នាំហើយ កំពុងមានជំងឺ ។ Tikiri គឺជាសត្វដំរីមួយក្នុងចំណោមដំរី ៦០ ក្បាល ដែលត្រូវធ្វើការនៅក្នុងពិធីបុណ្យ Perahera នៅប្រទេសស្រីលង្កានៅឆ្នាំនេះ ។ Tikiri ចូលរួមក្នុងក្បួនដង្ហែតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅរាល់យប់ រយៈពេល១០យប់ជាប់គ្នាជាមួយសំឡេងខ្លាំងៗ ការអុជកាំជ្រួច និងផ្សែង ។ Tikiri ដើរច្រើនគីឡូម៉ែត្ររាល់យប់ ដើម្បីឱ្យមនុស្សមានអារម្មណ៍រីករាយក្នុងពិធីនោះ ។
គ្មាននរណាម្នាក់បានឃើញរាងកាយ និងស្ថានភាពខ្សោយរបស់វាទេ ដោយសារតែសម្លៀកបំពាក់បិទបាំង ។គ្មាននរណាម្នាក់ឃើញទឹកភ្នែករបស់វាដែលរងរបួសដោយពន្លឺភ្លឺខ្លាំងដោយសារតែតុបតែងរបាំងមុខរបស់វាឡើយ ហើយគ្មាននរណាម្នាក់មើលឃើញពីការលំបាករបស់វាក្នុងការបោះជំហានទៅមុខដោយសារតែជើងរបស់វាត្រូវជាប់ដោយច្រវាក់ ។

Chailert បានអះអាងថា Tikiri ស្ថិតក្នុងចំណោមសត្វដំរី ៦០ ក្បាលដែលត្រូវបង្ខំឲ្យធ្វើការ ១០យប់ជាប់ៗគ្នានៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនា Esala Perahera ដែលមានតុបតែងលម្អសត្វដោយដង្ហែពេលយប់ដូច្នេះប្រជាជនអាចមានអារម្មណ៍ថា «បានពរ» ។
មហោស្រពនេះរួមបញ្ចូលទាំងអ្នកសម្តែងដូចជាអ្នករាំ អ្នកផ្លុំភ្លើង និងអ្នកលេងភ្លេងត្រូវបានគេប្រារព្ធនៅក្នុងសំឡេងឮខ្លាំងៗ ដែលអាចធ្វើឱ្យមានការរំខានដល់សត្វ ។

នៅក្នុងយុទ្ធនាការ Chailert បានទទូចដល់ប្រជាជនឱ្យសរសេរទៅនាយករដ្ឋមន្ត្រីស្រីលង្កាដើម្បីបញ្ចប់នូវភាពសាហាវឃោរឃៅនេះ ។ ឆ្លើយតបទៅនឹងការចោទប្រកាន់ដែលបានធ្វើឡើងដោយមូលនិធិសង្គ្រោះដំរី Buddhist temple The Sacred Tooth Relic ដែលរៀបចំមហោស្រពនេះបានអះអាងថា «ពួកគេតែងតែយកចិត្តទុកដាក់ចំពោះសត្វពាហនៈ» ។ ចំណែកប្រធានអ្នកថែរក្សាសត្វដំរីឈ្មោះ Pradeep Nilanga Dela ក៏បានអះអាងដែរថា «Tikiri នឹងលែងជាផ្នែកនៃក្បួនដង្ហែ ដូច្នេះវាអាចទទួលការព្យាបាលបាន » (ដកស្រង់ចេញពី ៖ nextshark)៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Cyberwize TV)
ចែករំលែកព័តមាននេះ