ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ប្រកាសច្រានចោលការស្នើសុំឱ្យមានបទឈប់បាញ់រយៈពេលខ្លីជាមួយអាមេរិក និងអ៊ីស្រាអែលបន្ទាប់ពីខ្លួនទទួលសំណើពីប្រទេសអេហ្ស៊ីប, ប៉ាគីស្ថាន និងតួកគីក្នុងនាមជាអន្តរការីសម្របសម្រួលនៅក្នុងបញ្ហាជម្លោះនេះ។ អាមេរិកស្នើសុំឱ្យមានបទឈប់បាញ់រយៈពេល៤៥ថ្ងៃ និងស្នើឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ជាកិច្ចឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មាអ៊ីល បាហ្កាអេ (Esmail Baghaei) ថ្លែងថាយើងសូមស្នើសុំឱ្យបិទបញ្ចប់សង្គ្រាមនេះទាំងស្រុង ហើយត្រូវតែទប់ស្កាត់មិនឱ្យសង្គ្រាមនេះកើតឡើងជាថ្មីម្ដងទៀតទេ។

អ្នកនាំពាក្យរូបនេះចាត់ទុកសំណើនោះមានបង្កប់លក្ខខណ្ឌច្រើនស្អេកស្កះ, ខុសប្រក្រតី និងគ្មានតក្កភាពបន្តិចណាសោះ។ លោកថាអ៊ីរ៉ង់ធ្លាប់ហែលឆ្លងបទពិសោធជូរចត់ណាស់នៅក្នុងការចរចាគ្នាជាមួយអាមេរិក។ គេហទំព័រអាក់សឺស (Axios) ជាអ្នកចេញផ្សាយមុនគេអំពីសំណើនៃបទឈប់បាញ់នោះកាលពីព្រឹកមិញ ហើយកត់សម្គាល់ថាប្រសិនបើសំណើនេះទទួលបានជោគជ័យមែន វានឹងជួយឱ្យភាគីទាំងសងខាងសម្រេចបាននូកិច្ចព្រមព្រៀងនៃបទឈប់បាញ់ជាអចិន្ត្រៃយ៍។

ថ្ងៃនេះ លោកត្រាំទុកពេល៤៨ម៉ោងទៀតឱ្យអ៊ីរ៉ង់គិតគូរពិចារណាបើកច្រកហ័រម៉ូស។ បើមិនដូច្នេះទេ នឹងមានផលវិបាកផ្នែកយោធា។ ត្រាំថា «មានចាំបានទេកាលពេលដែលលោកទុកពេលដប់ថ្ងៃឱ្យអ៊ីរ៉ង់បើកច្រកហ័រម៉ូស។ ឥឡូវនេះ ពេលវេលាអស់ហើយ!។ លោកត្រៀមរៀបចំសន្និសីទសារព័ត៌មាននៅសេតវិមាននារាត្រីនេះដើម្បីផ្ដល់សេចក្ដីលម្អិតពាក់ព័ន្ធនឹងប្រតិបត្តិការដ៏ប្រថុយនឹងគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះអាកាសយានិក២រូបដែលយន្តហោះរបស់ពួកគេត្រូវអ៊ីរ៉ង់បាញ់ធ្លាក់។

ក្រោយការប្រកាសបែបគំរាមកំហែងរបស់លោកត្រាំដូចខាងលើនេះ ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោកបាហ្គើ កាលីបាហ្វ (Bagher Qalibaf) ចាត់ទុកថាការព្រមានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ងជាទង្វើខ្ជីខ្ជា។ លោកថាអ្នកមិនអាចទទួលបានប្រយោជន៍អ្វីសូម្បីតែបន្តិចពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ដំណោះស្រាយដ៏ពិតប្រាកដមួយគឺមានតែការគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ និងបិទបញ្ចប់ល្បែងសង្គ្រាមដ៏គ្រោះថ្នាក់នេះតែប៉ុណ្ណោះ៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ