ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៧ ខែមេសានេះ បានឱ្យដឹងថា
ពិភពលោកកំពុងស្ថិតក្នុងភាពភ័យខ្លាចជាខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ទាំងមូលអាចនឹងត្រូវកម្ទេចចោលក្នុងរយៈពេលតែមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃអង្គារនេះតែម្ដង ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមធ្វើតាមលក្ខខណ្ឌបើកច្រកសមុទ្រហូម៉ូសឡើងវិញទេ។
លោក ត្រាំ បានកំណត់យកម៉ោង ៨ យប់ថ្ងៃអង្គារនេះ ជាឱសានវាទចុងក្រោយបំផុត ដោយលោកបានលាតត្រដាងផែនការយោធាដ៏គួរឱ្យរន្ធត់ ដែលនឹងធ្វើឱ្យរាល់ស្ពាន និងរោងចក្រថាមពលទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ ត្រូវឆាបឆេះ និងផ្ទុះកម្ទេចក្នុងរយៈពេលត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ ហើយលោកថែមទាំងបញ្ជាក់ថា លោកមិនខ្វល់ឡើយថាតើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនេះជាបទឧក្រិដ្ឋសង្រ្គាមឬយ៉ាងណានោះទេ ដោយលោកអះអាងថាវាជារឿងហិនហោចទាំងស្រុងត្រឹមពាក់កណ្តាលអធ្រាត្រ ហើយអ៊ីរ៉ង់នឹងត្រូវចំណាយពេល ១០០ ឆ្នាំដើម្បីសាងសង់វាឡើងវិញ។
ក្នុងនាមជាអ្នកជំនួញម្នាក់ លោក ត្រាំ ក៏បានបង្ហើបពីមហិច្ឆតាដ៏ធំក្នុងការចូលគ្រប់គ្រងធនធានប្រេងរបស់អ៊ីរ៉ង់ ដោយលោកបានប្រើពាក្យថាអ្នកឈ្នះគឺជាម្ចាស់ទ្រព្យសម្បត្តិ និងបានប្រៀបធៀបករណីនេះទៅនឹងអ្វីដែលអាម៉េរិកបានធ្វើនៅប្រទេសវ៉េណេស៊ុយអេឡា ព្រមទាំងបានស្នើឱ្យអាម៉េរិកដាក់ចេញនូវការយកកម្រៃផ្លូវទឹកលើរាល់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ ហូម៉ូសជំនួសឱ្យការទុកឱ្យអ៊ីរ៉ង់ជាអ្នកគ្រប់គ្រង។ ទោះបីជាមានការគំរាមកំហែងយ៉ាងសាហាវក្តី លោក ត្រាំ បានអះអាងថាការចរចាតាមរយៈប្រទេសទីបីកំពុងដំណើរការល្អ ប៉ុន្តែលោកបានបដិសេធសំណើឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ខណៈដែលខាងភាគីអ៊ីរ៉ង់ក៏បានច្រានចោលសំណើរបស់អាម៉េរិកវិញដែរ ដោយបញ្ជាក់ថាគ្មានមនុស្សមានសតិគ្រប់គ្រាន់ណាព្រមទទួលយកសំណើនេះឡើយ ហើយអ៊ីរ៉ង់ចង់បានការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍តែម្តង ដែលស្ថានភាពនេះបានរុញច្រានឱ្យតំបន់មជ្ឈិមបូព៌ាឈានដល់ចំណុចរសើបបំផុតមុនពេលឱសានវាទយប់ថ្ងៃអង្គារឈានចូលមកដល់៕
ចែករំលែកព័តមាននេះ