មហាសេដ្ឋីចិនដែលជាភរិយារបស់តារាសម្តែងល្បីតួ ថាំង ចេង បានទទួលមរណភាព
ប្រទេសចិន ៖ មហាសេដ្ឋីចិន លោកស្រី Chen Lihua ដែលត្រូវជាភរិយារបស់លោក Chi Chongrui តារាសម្តែងចិនដ៏ល្បី…
ប្រទេសចិន ៖ មហាសេដ្ឋីចិន លោកស្រី Chen Lihua ដែលត្រូវជាភរិយារបស់លោក Chi Chongrui តារាសម្តែងចិនដ៏ល្បី…
ប្រទេសចិន ៖ មហាសេដ្ឋីចិន លោកស្រី Chen Lihua ដែលត្រូវជាភរិយារបស់លោក Chi Chongrui តារាសម្តែងចិនដ៏ល្បី ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈការសម្តែងតួ ថាំង ចេង (Tang Sanzang) ក្នុងរឿងភាគទូរទស្សន៍យុទ្ធសិល្ប៍ស៊ុនអ៊ូខុង «Journey to the West» ឆ្នាំ១៩៨៦ នោះ បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមប្រភពពីសារព័ត៌មានចិន Global Times និង The Paper ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសចេញផ្សាយដោយក្រុមហ៊ុន Fu Wah International Group នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកស្រី Chen Lihua ស្ថាបនិក និងបច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Fu Wah International Group ហើយក៏ជានាយិកាសារមន្ទីរខ្លឹមចន្ទន៍ក្រហម China Red Sandalwood បានទទួលមរណភាព នៅទីក្រុងប៉េកាំង វេលាម៉ោង ៨ និង ៥០ នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយរោគាពាធ។
យោងតាមរបាយការណ៍ស្ត្រីមានបំផុតនៅប្រទេសចិន ដែលចេញផ្សាយដោយវិទ្យាស្ថាន Hurun Research Institution ក្នុងឆ្នាំ ២០១៦ បានបង្ហាញថា លោកស្រី Chen Lihua ធ្លាប់ជាប់ជាស្ត្រីមានបំផុតរបស់ប្រទេសចិនជាមួយទ្រព្យសម្បត្តិសរុបចំនួន ៥០,៥ ពាន់លានយ័ន ឬ ៧,៥ ពាន់លានដុល្លារអាមេរិក។
មិនត្រឹមជាអ្នកជំនួញដ៏លេចធ្លោ១រូបរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែលោកស្រី Chen Lihua ដែលកើតនៅខែមេសា ឆ្នាំ១៩៤១ នៅទីក្រុងប៉េកាំង ក៏បានបម្រើការជាសមាជិកនៃគណៈកម្មាធិការជាតិលើកទី ៨ ដល់ទី ១២ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ឬហៅកាត់ថា CPPCC និងជាអនុប្រធានគណៈកម្មាធិការ CPPCC លើកទី ១១ និងទី ១២ ស្តីពីការទំនាក់ទំនងជាមួយទីក្រុងហុងកុង ម៉ាកាវ តៃវ៉ាន់ និងជនជាតិចិននៅបរទេសផងដែរ។ លោកស្រីក៏ទទួលបានពានរង្វាន់កិត្តិយសសំខាន់ៗជាច្រើន រួមទាំងពានរង្វាន់សមិទ្ធផលស្ត្រីឆ្នើមពេញមួយជីវិតដោយអង្គការសហប្រជាជាតិផងដែរ។
លោកស្រីបានផ្លាស់ទៅរស់នៅតំបន់រដ្ឋបាលពិសេសហុងកុងនៅក្នុងឆ្នាំ ១៩៨១ ហើយបានប្រមូលដើមទុនតាមរយៈការវិនិយោគអចលនទ្រព្យ។ លោកស្រីបានបង្កើតក្រុមហ៊ុន Fu Wah International Enterprises Group នៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៨៨ ហើយបានត្រឡប់ទៅរស់នៅទីក្រុងប៉េកាំងវិញ នៅទសវត្សឆ្នាំ ១៩៩០ ដើម្បីចាប់ផ្តើមវិនិយោគ លើវិស័យជាច្រើន រួមទាំងអចលនទ្រព្យផងដែរ។
អាជីវកម្មស្នូលរបស់លោកស្រី Chen ផ្តោតលើការអភិវឌ្ឍ និងប្រតិបត្តិការសណ្ឋាគារ ក្លិបកម្សាន្ត អាផាតមិន ផ្សារទំនើប និងអគារការិយាល័យលំដាប់ខ្ពស់។ លើសពីនេះ លោកស្រីក៏បានវិនិយោគទឹកប្រាក់ ២០០ លានយ័ន ឬជិត ៣០ លានដុល្លារ បង្កើតសារមន្ទីរឯកជនដំបូងគេរបស់ប្រទេសចិន ដែលបង្ហាញអំពីសិល្បៈខ្លឹមចន្ទន៍ក្រហមផងដែរ។
សូមជម្រាបថា លោកស្រី Chen Lihua បានរៀបការជាមួយលោក Chi Chongrui នៅក្នុងឆ្នាំ១៩៩០។ កន្លងមក ពាក្យចចាមអារ៉ាមលើប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនបានបង្ហាញថា លោកស្រីអាចបែងចែកទ្រព្យសម្បត្តិប្រមាណ ២,៥ពាន់លានដុល្លារឱ្យទៅលោក Chi Zhongrui ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកស្រីមិនបាននិយាយជាសាធារណៈអំពីផែនការមរតកនោះទេ។
បច្ចុប្បន្នកូនទាំង៣នាក់របស់លោកស្រី (ប្រុសម្នាក់ ស្រី២នាក់) ជាមួយអតីតស្វាមី (ប្តីមុន) កំពុងដើរតួយ៉ាងសំខាន់ក្នុងអាជីវកម្មលោកស្រី។ ចំណែកឯលោក Chi Zhongrui បច្ចុប្បន្នជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនចំនួន ២ ដែលផ្សារភ្ជាប់ទៅនឹងសារមន្ទីរ Red Sandalwood៕





ចែករំលែកព័តមាននេះ