ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹក​នាំ​មីយ៉ាន់​ម៉ា​ត្រូវ​បាន​ឥណ្ឌូណេស៊ី​ប្ដឹង​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រ.ល័.យ​ពូ.ជ​សា.សន៍

1 ថ្ងៃ មុន

ទី​ក្រុង​ហ្សា​កាតា​៖ ប្រមុខ​ដឹក​នាំ​មីយ៉ាន់​ម៉ា​ដែល​ទើប​តែ​ត្រូវ​បាន​​តែង​តាំង​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី លោក​មីន​អុង​ឡាំង កំពុង​ទទួល​រង​ការ​ថ្កោល​ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​។ ក្រុម​​សង្គ​ម​ស៊ីវិល​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ដោយ​ចោទប្រកាន់​ថា​លោក​មីន​អុង​ឡាំង​​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា (Rohingya)។​ ថ្វី​ដ្បិត​មីយ៉ាន់ម៉ា​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​ទំនាក់ទំនង​ការ​បរទេស​រវាង​របប​សឹក​របស់​លោក​មីន​អុង​ឡាំងជា​មួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​ស្ថាប័ន​នេះ​មាន​បញ្ហា​ល្អក់​កករ​នឹង​គ្នា​ ជា​ពិសេស​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​ឆ្នាំ​២០២១ និង​នាំ​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម​ផ្ទៃ​ក្នុង​កាន់​តែ​ខ្លាំង​​ឡើង​​ៗ​។…

ទី​ក្រុង​ហ្សា​កាតា​៖ ប្រមុខ​ដឹក​នាំ​មីយ៉ាន់​ម៉ា​ដែល​ទើប​តែ​ត្រូវ​បាន​​តែង​តាំង​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី លោក​មីន​អុង​ឡាំង កំពុង​ទទួល​រង​ការ​ថ្កោល​ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​។ ក្រុម​​សង្គ​ម​ស៊ីវិល​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ដោយ​ចោទប្រកាន់​ថា​លោក​មីន​អុង​ឡាំង​​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា (Rohingya)។​

ថ្វី​ដ្បិត​មីយ៉ាន់ម៉ា​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​ទំនាក់ទំនង​ការ​បរទេស​រវាង​របប​សឹក​របស់​លោក​មីន​អុង​ឡាំងជា​មួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​ស្ថាប័ន​នេះ​មាន​បញ្ហា​ល្អក់​កករ​នឹង​គ្នា​ ជា​ពិសេស​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​ឆ្នាំ​២០២១ និង​នាំ​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម​ផ្ទៃ​ក្នុង​កាន់​តែ​ខ្លាំង​​ឡើង​​ៗ​។ វិបត្តិ​មនុស្ស​ធម៌​ក៏​បន្ត​កើត​មាន​ ខណៈ​ដែល​ជន​ជាតិ​រ៉ូហ៊ីង​យ៉ា​​​ត្រូវ​តែ​បង្ខំ​ចិត្ត​រត់​គេច​ខ្លួន​ទៅ​រស់​នៅ​ជំរំ​នានា​នៃ​ប្រទេស​បង់​ក្លា​ដែស​​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។ នេះ​បើ​តាម​សេច​ក្ដី​រាយ​ការណ៍​របស់​ក្រុម​សិទ្ធិ​មនុស្ស​។

ឥណ្ឌូណេស៊ី​ក៏​ជា​គោល​ដៅ​ដែល​ពួក​រ៉ូហ៊ីង​យ៉ា​ភៀស​ខ្លួន​ទៅ​ទី​នោះ​ផង​ដែរ​។ ពួកគេ​ច្រើន​ចាក​ចេញ​ដំណើរ​ពី​មាត់​សមុទ្រ​នៃ​ប្រទេស​បង់​ក្លា​ដែស​ដោយ​ជិះ​កូន​ទូក​តូច​ៗ​ដាក់​មនុស្ស​លើស​ចំណុះ ហើយ​រសាត់​អណ្ដែត​ទៅ​ទើរ​នៅ​តាម​បណ្ដា​កោះ​នានា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។ ដូច្នេះ ឥណ្ឌូណេស៊ី​ហាក់​ដូច​ជា​អ្នក​ដែល​រង​ថ្ម​បាក់​ពី​វិបត្តិ​នេះ​ដែរ​។ ​មាន​សេច​ក្ដី​រាយ​ការណ៍​ថា​យោ​ធា​មីយ៉ាន់​ម៉ា​ក្រោម​ការ​ដឹក​នាំ​ និង​បញ្ជា​ផ្ទាល់​ពី​ឧត្ដម​សេនីយ៍​មីន​អុង​ឡាំង​បាន​បើក​ប្រតិ​បត្តិ​ការ​​សឹក​ដ៏​ធំ​កាល​ពី​ឆ្នាំ​២០១៧​។

ក្រោយ​មក​ ជ​ន​ជាតិ​រ៉ូហ៊ីង​យ៉ា​យ៉ាង​តិច​៧៣​ម៉ឺន​នាក់​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ឆ្ពោះ​ទៅ​​​ប្រទេស​បង់​ក្លា​ដែស​។ នៅ​ទី​នោះ ពួកគេ​និយាយ​រៀប​រាប់​ឡើង​វិញ​នូវ​ព្រឹត្តិ​ការណ៍​ដ៏​រន្ធត់​ដូច​ជា​ការ​កាប់​សម្លាប់, ការ​រំលោភ​សេព​សន្ថវៈ​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ (ទៅ​លើ​នារី) និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គេ​ពីសំណាក់​ក្រុម​យោធា​មីយ៉ាន់​ម៉ា​​។ ​ការិយាល័យ​រដ្ឋ​អាជ្ញា​ឥណ្ឌូ​ណេស៊ី​បាន​ទទួល​​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​ជន​ជាតិ​រ៉ូហ៊ីង​យ៉ា​ម្នាក់​ឈ្មោះ​យ៉ាស់​ស្មីន អ៊ូឡា (Yasmin Ullah) និង​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​មួយ​ចំនួន​ទៀត​។ ក្នុ​ងនោះ​ក៏​មាន​អតីត​អគ្គ​រដ្ឋ​អាជ្ញា​ និង​ប្រធាន​ចលនា​មូស្លីម​ដ៏​ធំ​ជាង​គេ​របស់​ឥណ្ឌូ​ណេស៊ី​ផង​ដែរ​៕ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ