ទីក្រុងអង់ការ៉ា៖ ស្ថានកុងស៊ុលអ៊ីស្រាអែលប្រចាំទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគី រងការវាយប្រហារពីក្រុមភេរវកម្ម។ នៅក្នុងចំណោមពួកគេទាំងនោះ ម្នាក់ស្លាប់នៅក្នុងការបាញ់តដៃគ្នាអស់រយៈពេលប្រហែលដប់នាទី។ មន្ត្រីនគរបាល២នាក់រងរបួស។ តាមរយៈវីឌីអូឃ្លីបដែលថតបានពីកន្លែងកើតហេតុ គេឃើញនគរបាលម្នាក់ដកកាំភ្លើង និងរកកន្លែងលាក់ខ្លួននៅពេលស្នូរកំាភ្លើងលាន់ឮយ៉ាងកងរំពង។ គេឃើញមនុស្សម្នាក់ប្រឡាក់សុទ្ធតែឈាម។ ប្រភពពីអាល់ចាស៊ីរ៉ាថាស្លាប់សរុប៣នាក់។

សាកសពមនុស្សមួយចំនួនត្រូវគេប្រទះឃើញដេករដូករណែលក្បែរដងវិថី និងវាលស្មៅ។ សារព័ត៌មានក្នុងស្រុកផ្សាយថានគរបាលពីរនាក់ត្រូវរបួសនៅក្នុងការបាញ់ប្រហារនោះ។ ចាប់តាំងពីក្រោយសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីចុងឆ្នាំ២០២៣មក តួកគីបានដាក់កម្លាំងនគរបាលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល។ ប្រភពដែលដឹងកិច្ចការផ្ទៃក្នុងច្បាស់បានបង្ហើបឱ្យដឹងថានាពេលបច្ចុប្បន្ននេះគ្មានអ្នកការទូតអ៊ីស្រាអែលណាម្នាក់ស្ថិតនៅប្រទេសតួកគីទេ។

រដ្ឋមន្ត្រីមហាផ្ទៃតួកគីថ្លែងថាក្រុមភេរវជនទាំងនោះធ្វើដំណើរតាមរថយន្តឈ្នួលមួយគ្រឿងចេញពីទីក្រុងអ៊ីសស្មីត (Izmit)។ ជនដៃដល់ម្នាក់នៅក្នុងចំណោមនោះធ្លាប់មានទំនាក់ទំនងជាមួយចលនាប្រដាប់អាវុធមួយដែលដើររាតត្បាតតំបន់នោះ។ អាជ្ញាធរតួកគីមិនទាន់បញ្ចេញអត្តសញ្ញាណរបស់ក្រុមអ្នកវាយប្រហារទាំងនោះទេ។ ប៉ុន្តែសារព័ត៌មានក្នុងស្រុកផ្សាយថាពួកគេអាចជាសមាជិកក្រុមអាយស៊ីស។

ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលចេញសេចក្ដីប្រកាសដ៏ព្រឺព្រួចមួយទៅប្រជាជនអ៊ីរ៉ង់ថាការធ្វើដំណើរតាមរថភ្លើង ឬនៅក្បែរស្ថានីយរថភ្លើងអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ យោធាអ៊ីស្រាអែលបានប្រកាសជាភាសាពែក្ស និងបង្ហោះនៅលើបណ្ដាញអ៊ិចថាពួកគេ (ជនជាតិអ៊ីរ៉ង់) មិនគួរប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទេរហូតដល់ម៉ោង៩យប់នេះ។ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលផុតឱសានវាទរបស់លោកត្រាំដែលទាមទារឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រម៉ូស៕ ប្រភព៖ ដេលី មែល (Daily Mail) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ