រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការដកចោលមន្ត្រីមួយចំនួន និងបានផ្តល់ជាអនុសាសន៍ថា ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមនឹងការបង្ក្រាបមន្ត្រីពាក់ព័ន្ធ និងដកចោលមន្ត្រីដែលគ្មានសកម្មភាព ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
ការលើកឡើងរបស់សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកមិនអាចទទួលជោគជ័យបានទេ ប្រសិនបើអ្នកត្រឹមតែបង្ក្រាបទៅលើអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ មិនដើរទន្ទឹមនឹងអ្នកជាប់ពាក់ព័ន្ធ និងអ្នកដែលមិនចង់ធ្វើ ហើយនាយករដ្ឋមន្ត្រីត្រូវចាំឱ្យច្បាស់ត្រង់កន្លែងហ្នឹង ។
សម្ដេចតេជោ បានលើកឡើងថា អ្នកដែលចូលជាប់ពាក់ព័ន្ធ បើទ្រព្យសម្បត្តិដែលកើតចេញពីការពាក់ព័ន្ធការឆបោកអនឡាញ គឺត្រូវតែរឹបអូសថែមទៀត នេះចំពោះអ្នកដែលជាប់ពាក់ព័ន្ធ ដែលមានខេត្តខ្លះបានបើកដៃ និងដឹកពួកឆបោកចូលទៅក្នុងខេត្តរបស់ខ្លួនថែមទៀតផង ដែលក្រុមនេះ ជាក្រុម ឬជាមន្ត្រីហមន្តរាយសម្រាប់ប្រទេស មិនត្រូវឱ្យរួចខ្លួនទេ ។
សម្តេចតេជោ បានបន្ថែមថា ៖ «កន្លងទៅបានដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែខ្ញុំសូមផ្តល់ជាមតិពីរកម្រិត ៖ កម្រិតទី១ អ្នកដែលចូលជាប់ពាក់ព័ន្ធ មិនមែនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខតុលាការថែមទៀត ព្រោះបើត្រឹមតែដកមុខតំណែង វាថាធ្វើអីអញ លុយអញសល់កន្លះលានដុល្លារ សល់១លានដុល្លារ អញចាយមួយឆ្អែត ។ អីញ្ចឹងចេញដីកាចោទប្រកាន់ចំពោះមុខតុលាការ ដែលតុលាការចេញដីកាការពារទ្រព្យសម្បត្ដិមួយចំនួន បើកការស៊ើបអង្កេត បើចេញពីស្កែមអនឡាញ ត្រូវរឹបអូសទ្រព្យសម្បត្ដិថែមទៀត ។ នេះបើអ្នកជាប់ពាក់ព័ន្ធ ព្រោះខ្ញុំបានទទួលដំណឹងថា ដឹកពួកស្កែមអនឡាញចូលទៅក្នុងខេត្ដខ្លួនទៀត បើកដៃ ។ ក្រុមនេះមិនឱ្យរួចខ្លួនទេ ព្រោះជាក្រុមមហន្ដរាយ មន្ដ្រីមហន្ដរាយ បង្កើតមហន្ដរាយសម្រាប់ប្រទេស ។
ឯកម្រិតមួយទៀត ត្រឹមដកចេញពីដំណែង ហើយយកមកកន្លែងថ្មី ។» ជាមួយគ្នានេះ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីក៏បានលើកឡើងថា៖ «បើចៅហ្វាយខេត្ត ឬចៅហ្វាយស្រុកណា មិនព្រមធ្វើ មិនអើពើ កុំទុកឱ្យធ្វើចៅហ្វាយខេត្ត កុំទុកឱ្យធ្វើចៅហ្វាយស្រុកតទៅទៀត គឺត្រូវតែដកចេញទៅ ។ មេប៉េអឹម មេប៉ូលិស មេទ័ព នៅតាមខេត្តស្ថិតនៅក្នុងអនុក្រឹតរបស់នាយករដ្ឋមន្ត្រីរួចស្រេចទៅហើយ» ។
សម្ដេចតេជោ បានរម្លឹកឱ្យដឹងផងដែររថា កាលពីសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី យ៉ាងយូរ១៥នាទី អនុក្រឹតចេញបានហើយ និងសង្ឃឹមថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រើពេលត្រឹម១០នាទី ក្នុងការចេញអនុក្រឹតដកមន្ដ្រី ហើយប្រកាសភ្លាមតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាមប្រព័ន្ធសារព័ត៌មានអនឡាញ៕
ចែករំលែកព័តមាននេះ