ទីក្រុងកៀវ៖ ថ្ងៃនេះ រុស្ស៊ីវាយប្រហាររដ្ឋធានីកៀវរបស់អ៊ុយក្រែនយ៉ាងខ្លាំងក្លាដោយប្រើប្រាស់មីស៊ីល និងដ្រូនបណ្ដាលឱ្យស្លាប់មនុស្ស៤នាក់នៅទីក្រុងនេះ និងតំបន់ខ្សែក្រវាត់ក្រុង។ ក្រៅពីនេះ មនុស្សរាប់សិបនាក់ទៀតរងរបួស។ គ្រាន់តែនាឡិកាបន្លឺម៉ោង១រំលងអធ្រាត្រភ្លាម គ្រាប់កាំភ្លើងមិនដឹងមកពីណាទេហោះប្រសាចពេញមេឃ។ គេស្ដាប់ឮតែសំឡេងផ្ទុះយ៉ាងកក្រើករដ្ឋធានីកៀវ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែនចេញសេចក្ដីប្រកាសអាសន្នតាមបណ្ដាញតេឡេក្រាមថារុស្ស៊ីអាចនឹងវាយប្រហារដោយមីស៊ីលអូរេស្នីក (Oreshnik)។

អភិបាលនៃគណៈអភិបាលក្រុងកៀវ លោកវីតាលី គ្លីសឆ្កូ (Vitali Klitschko) ថ្លែងថាមនុស្ស២នាក់ស្លាប់ និង៥៦នាក់រងរបួសដោយសារការវាយប្រហារទៅលើទីក្រុងកៀវ។ ក្នុងចំណោមនោះ ៣០នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកយល់ថានេះជារាត្រីដ៏រន្ធត់សម្រាប់អ្នករស់នៅទីក្រុងកៀវ។ នៅពេលនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងពន្លត់ភ្លើង និងរើកកាយគំនរបាក់បែក។ គ្រូពេទ្យកំពុងផ្ដល់សេវាជួយសង្គ្រោះសម្រាប់ជនរងគ្រោះ។ អ្នករស់នៅទីក្រុងកៀវភាគច្រើនស្វះស្វែងរកកន្លែងជ្រកកោនទាំងយប់អធ្រាត្រនៅក្នុងស្ថានីយរថភ្លើងក្រោមដី។

អ្នកស្រីណាតាលីអ៊ីយ៉ា ស្វារីក (Nataliia Zvarych) អាយុ៦២ឆ្នាំប្រាប់ថាអ្នកស្រីត្រូវតែប្រញាប់រកកន្លែងជ្រកកោននៅស្ថានីយក្នុងស្រុកនៅពេលស្ដាប់ឮសំឡេងផ្ទុះដ៏ខ្លាំងក្លារញ្ជួយទីក្រុង។ ស្ថានភាពនៅពេលនោះពោរពេញដោយភាពរន្ធត់ឥតឧបមា គួរឱ្យខ្លាចរអាណាស់។ យើងអង្គុយសំកុកនៅទីនេះអស់ជាងបីម៉ោងហើយ ហើយស្ដាប់ឮតែសំឡេងផ្ទុះអាវុធ។ មេបញ្ជាការកងទ័ពអ៊ុយក្រែនប្រចាំរដ្ឋធានីកៀវថ្លែងថាទីតាំងជាង៤០កន្លែងរងការវាយប្រហារ និងបង្កការខូចខាតយ៉ាងដំណំ។

មានសេចក្ដីរាយការណ៍ថាទីកន្លែងដទៃទៀតក្រៅពីទីក្រុងកៀវក៏រងការវាយប្រហារផងដែរ។ មនុស្ស២នាក់ស្លាប់ និង៩នាក់រងរបួសនៅក្នុងការវាយប្រហារមួយនៅតំបន់ខ្សែក្រវាត់ទីក្រុងកៀវ។ នេះបើតាមការអះអាងរបស់អភិបាលតំបន់កើតហេតុ លោកមីកូឡា ខាឡាស្នីក (Mykola Kalashnyk)។ នៅពេលព្រឹកព្រលឹមមកដល់ ព្រះទិនករចាប់ផ្ដើមបញ្ចេញរស្មីប៉ប្រិច គេឃើញថាផ្សែងបន្សល់ពីការផ្ទុះអាវុធកាលពីយប់មិញនៅតែហោះហើររសាត់រពុយៗនៅឡើយទៅលើអាកាសវេហារ និងបញ្ចេញក្លិនឈ្ងៀមនៃរំសេវនៅក្នុងប្លុកខ្លះនៃទីក្រុងកៀវ៕ ប្រភព៖ Reuters និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ