រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ។ អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានអោយដឹងថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។
សូមជម្រាបថា ដូចជារៀងរាល់ឆ្នាំឲ្យតែដល់ខែបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន៥ម៉ឺនរៀលដែលឧបត្ថម្ភមួយលើកៗចំណាយប្រហែល៧លានដុល្លារអាមេរិក ។
សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ចេញនូវគោលការណ៍ដំឡើងប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ដែលជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ គឺដើម្បីលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ