ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​សង្វៀន​ទៀត​ហើយស​ប្ដា​ហ៍​នេះ ជើង​ខ្លាំង​កម្ពុជា​3​រូប​ប៉ះ​ជាមួយ​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​ស៊ីអិន​ស៊ី​បាន​វិល​មក​ជួប​ទស្សនិកជន​សា​ជា​ថ្មី​ទៀត ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៧ សីហា ចុង​ស​ប្តា​ហ៍ នេះ​ដោយ​រំពឹង​ថា​នឹង​កក្រើក​សង្វៀន​មិនធម្មតា ដោយសារ​សមាសភាព​កីឡាករ​ទាំង​កម្ពុជា​និង បរទេស​សុទ្ធតែ​ជា​ជើង​ខ្លាំង​មិនធម្មតា​នៅ​ក្នុង ពិភព​ប្រដាល់​និង​គ្មាន​ប្រវត្តិ​ឡើង​វាយ​មិន​អស់ដៃ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​ស៊ីអិន​ស៊ី​បាន​វិល​មក​ជួប​ទស្សនិកជន​សា​ជា​ថ្មី​ទៀត ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៧ សីហា ចុង​ស​ប្តា​ហ៍ នេះ​ដោយ​រំពឹង​ថា​នឹង​កក្រើក​សង្វៀន​មិនធម្មតា ដោយសារ​សមាសភាព​កីឡាករ​ទាំង​កម្ពុជា​និង បរទេស​សុទ្ធតែ​ជា​ជើង​ខ្លាំង​មិនធម្មតា​នៅ​ក្នុង ពិភព​ប្រដាល់​និង​គ្មាន​ប្រវត្តិ​ឡើង​វាយ​មិន​អស់ដៃ​នោះ​ទេ ។

ជំនួប​រវាង​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ជា​កីឡាករ​បរទេស​លើក​នេះ​បើ​ទោះជា​ធ្វើ​ឡើង ក្នុង​លក្ខណៈ​មិត្តភាព​ក៏​ពិតជា​ធ្វើ​ឱ្យ​សង្វៀន​ទាំង មូល​កក្រើក​ខ្លាំង​មិន​ខាន​ដោយសារ​កីឡាករ​ទាំង អស់​ដែល​មានឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ ការណ៍​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​មួយ​នេះ សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងខ្លួន​និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី ប្រកួត​ប្រដាល់​ប្រចាំ​ស្ថាប័ន​CBS បានឱ្យ​ដឹង​ថា កំពូល​ជើង​ខ្លាំង​ទាំង​កម្ពុជា​និង​បរទេស​ដែល​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ មាន​កីឡាករ វេ​ង សុ​ភ័​ក្រ មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភី​ត​សាយ​ឈុ​ន ពៀក​ខា​ឃែ​រ៍ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម។

កីឡាករ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ កង​មឿង​ឆាង ស័​ក្ដ ឆ័​យ​យុង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម និង​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ
ជួប​ប្រកួត​ជាមួយ​កីឡាករ អុី​រ៉​ង់​ឈ្មោះ​Nikkhah Vahid ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

វេ​ង សុ​ភ័​ក្រ ប៉ះ​ជាមួយ​កីឡាករ​ថៃ​ភី​ត​សាយ​ឈុ​ន លើក​នេះ មិនដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​ពួក​គេ​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​ឡើយ​។​ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​ៗ​ថ្វីដៃ​ប្រកួត​របស់​គេ​ក៏​មិនធម្មតា​នោះ​ដែរ ។ ម្យ៉ាងវិញទៀត វេ​ង សុ​ភ័​ក្រ​ដែល​មានការ​ខកខាន​ឡើង​សង្វៀន​ជា​យូរ​មក​ហើយ​នោះ ប្រហែលជា​ពិបាក​បន្តិច​បើសិនជា​មិន​បាន​ត្រៀមខ្លួន​ទុកជា​មុន​ទេ​នោះ​។

ឡៅ ច​ន្ទ្រា និង​កីឡាករ​ថៃ​កង​មឿង​ឆាង ធ្លាប់​ជួប​ប្រកួត​គ្នា​ម្ដង​រួច​មក​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន ដោយ​កាល​ណោះ ច​ន្ទ្រា​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​ចាញ់​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​។​កីឡាករ​ថៃ កង​មឿង​ឆាង ក៏​ជា​ជើង​ខ្លាំង​ពិបាក​ទប់ទល់​បំផុត គេ​ល្អ​ទាំង​កែង​និង​ជង្គង់ តែ​មក​ប៉ះ​ជាមួយ​ឡៅ ច​ន្ទ្រា ដែល​មាន​ជំនាញ​ខាង​ប្រើ​ស្នៀត​កែង​និង​ជង្គង់​ដែរ​នោះ មានអី​ទៅ​អត់​រួច​។ ទោះបី​យ៉ាងណា​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​មិនដឹង​ថា កីឡាករ​ថៃ​ម្នាក់​នេះ​អាច​សងសឹក​បាន​សម្រេច​ឬ​អត់​នោះ​ទេ​។

ចំណែក​ឡុ​ង ជិន និង​កីឡាករ​អុី​រ៉​ង់​ក៏​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ដែរ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​ចុង​ក្រោយ​ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​គង់តែ​ដឹង​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ