ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​ម ចាន់ រំពឹង​ឈាន​ឡើង​ទីផ្សារ​ក្រោយ​កាន់​ពាន​ជើងឯក​

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ថៃ ៖ ក្រោយ​មានឈ្មោះ​ជា​ម្ចាស់​ពាន​ជើងឯក​TV5 Knock Out Series By K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​៦…

ប្រទេស​ថៃ ៖ ក្រោយ​មានឈ្មោះ​ជា​ម្ចាស់​ពាន​ជើងឯក​TV5 Knock Out Series By K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​៦ កក្កដា កីឡាករ ខេ​ម ចាន់ មិន​ទាន់​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​នៅឡើយ​ទេ ទើប​ទទូច​ឱ្យ​មានការ​ផ្គូផ្គង​លោក​ឡើង​ប្រកួត​បាន​ញឹក ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព ។

កីឡាករ ខេ​ម ចាន់ និយាយ​ថា ក្រោយ​ទទួល​បាន​តំណែង​ជា​ម្ចាស់​ពាន​ជើងឯក លោក​មាន​ក្ដី​ស្រមៃ​ខ្ពស់​ច្រើន ថា​ខ្លួន​នឹង​មាន​ទីផ្សារ ហើយ​មិន​ស្ងាត់​ដូច​ពេល​កន្លង​មក ខណៈ​លោក​ក៏​ត្រូវការ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន ។ លោក​ថា ក្នុង​ពេល​កំពុង​ប្រកួត លោក​បាន​ត្រឹមតែ​លួច​ស្រមៃ​មិន​ហ៊ាន​សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ក្នុង​ពេល​នោះ កីឡាករ​ដែល​បាន​ចូល​ប្រកួត​ដ្បិតថា​មួយ​ចំនួន​គឺជា​កីឡាករ​ថ្មី ប៉ុន្តែ​សម្រាប់​ថ្វីដៃ​គឺ​មិនធម្មតា ។

លោក​អះអាង​ថា លោក​មិនសូវ​មានការ​ផ្គូផ្គង​ឱ្យ​ប្រកួត​នោះ​ទេ​នា​ពេល​កន្លង​មក ខណៈ​ការ​ប្រកួត​មួយ​លើក​ៗ​ក៏​មិនសូវ​ជា​បាន​តម្លៃ​ខ្លួន​ខ្ពស​ដែរ​។ អុី​ចឹ​ង​ហើយ​ទើប​លោក​សម្រេចចិត្ត​ទៅ​ធ្វើការ​មួយ​ផ្សេង​ទៀត​ក្រៅពី​ការ​ប្រដាល់ ប៉ុន្តែ​ដោយសារ​មិន​ដាច់​ចិត្ត ទើប​នៅ​តែ​ត្រាំត្រែង​ជាមួយ​អាជីព​មួយ​នេះ ។ លោក​រំពឹង​ថា បំណាច់​ក្លាយជា​ម្ចាស់​ពាន គឺ​គួរតែ​បាន​ប្រកួត​ញឹក និង​បាន​តម្លៃ​ខ្លួន​ខ្ពស់ មិន​គួរ​យួរ​ៗ​ទើប​មានការ​ប្រ​កូត​ម្ដង និង​មិនសូវ​បាន​តម្លៃ​ខ្ពស់ តាម​អ្វី​ដែល​លោក​ចង់បាន​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ ដែល​លោក​ត្រូវការ​ថវិកា​ច្រើន​ដើម្បី​ជីវភាព​នា​ពេល​នេះ​។

ជាក់ស្ដែង ការ​ប្រកួត​មួយ​លើក​ៗ បើ​ទូទាត់​លាត់សើយ បូក​រួម​ជូន​អ្នក​ឱ្យ​ទឹក​រួចរាល់​គឺ​សល់​តែ​រង្វង់​ប៉ុន្មាន​ម៉ឺន​ប៉ុណ្ណោះ ដែល​តម្លៃ​ទទួល​បាន​នេះ មិន​ស្មើនឹង​ការ​លះបង់​ការងារ​ខាងក្រៅ ហើយ​សម្ងំ​តែ​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​មួយ​លើក​ៗ​នោះ​ផង ទើប​លោក​ចេះ​តែ​បាក់ទឹកចិត្ត​ម្ដង​ៗ​ពី​ការ​ប្រដាល់ ។ លោក​ថា ជីវិត​ជា​កីឡាករ​បាន​ត្រឹម​ល្អមើល​ពេល​នៅ​លើ​រេញ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពីក្រោយ​ការ​ប្រកួត គឺ​រូប​លោក​គ្រាន់តែ​ជា​កម្មករ​ស៊ីឈ្នួល​រក​ប្រាក់​ដូច​ជាលី​សែង​ដើម្បី​ដូរ​ប្រាក់​ប៉ុណ្ណោះ ។

លោក​ថា ខ្លួន​ស្រឡាញ់​ការ​ប្រដាល់ គឺ​ដោយសារ​តែ​ចង់ ល្បីឈ្មោះ និង​សំខាន់​គឺ​បាន​រក​ប្រាក់​ដែល​លោក​យល់​ថា ទោះជា​ត្រូវ​គេ​វាយ​បែក​មុខ​បែក​មាត់​ក៏​ធូរ​ជាង​ទៅ​ធ្វើការ​នៅ​ថៃ និង​ស៊ីឈ្នួល​គេ​នា​ពេល​កន្លង​មក ។ លោក​ថា ខ្លួន​តស៊ូ​នៅ​ក្នុង​អាជីព​មួយ​នេះ​ក៏​ច្រើន​ដែរ ដោយ​លោក​ប្រកាស​ថា នឹង​ខំប្រឹង​ឱ្យ​មានឈ្មោះ​ចូល​ប្រកួត​ដណ្ដើម​ពាន ឬ​ខ្សែក្រវាត់ ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ ក្រែង មានឱកាស​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ដើម្បី​ឱ្យ​លោក​កាន់តែ​មាន​កម្លាំងចិត្ត ។

លោក​រំពឹង​ថា ចាប់ពី​ពេល​នេះ​ទៅ លោក​នឹង​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ញឹកញាប់ និង​បាន​តម្លៃ​ខ្លួន​សក្តិ​សម​នឹង​ការ​ប្រឹងប្រែង ។ ខេ​ម ចាន់ បង្ហាញ​អារម្មណ៍​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ក្នុង​ពេល​នោះ ប៉ុន្តែ​លោក​ថា ខ្លួន​ក៏​មិន​សប្បាយចិត្ត​នោះ​ដែរ​នៅ​ពេល​លោក​នៅ​តែ​មិនសូវ​មាន​សង្វៀន​ឡើង​ប្រកួត ខណៈ​ដែល​ទឹកប្រាក់​៤​ពាន់​ដុល្លារ ដែល​លោក​ទទួល​បាន​ក៏​ប្រើ​អស់​ទៅ​ហើយ​។ លោក​អះអាង​ថា ស្ថានភាព​ប្រដាល់​របស់​លោក​នៅ​ក្នុង​ពេល​នេះ ទំនងជា​កាន់តែ​ល្អ​ប្រសើរ ព្រោះ​មាន​គេ​ស្គាល់​ច្រើន ។

លោក​ថា បើ​ខ្លួន​មិន​បាន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ដែល​ទើបនឹង​បញ្ចប់​នេះ​ទេ ក៏​ប្រហែល​មិន​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​បាន​ក្លាយជា​ជើងឯក​នោះ​ដែរ ខណៈ​ដែល​លោក​រំពឹង​ថា ក្រោយ​​ពេល​កាន់​ពាន​នឹង​ទទួល​បាន​ឱកាស​ឡើង​រេញ​បាន​ញឹក និង​បាន​ឡើង​ប្រកួត​លើ​រេញ​ជាមួយ​កីឡាករ​បរទេស​ផង ដើម្បី​ទទួល​បាន​ទឹកប្រាក់​តម្លៃ​ខ្លួន​ខ្ពស់ ដែល​មួយ​ប្រកួត​គឺ​អាច​បាន​ដល់​រង្វង់​ជាង​៣០០​ដុល្លារ​នោះ ។ លោក​ថា អ្វី​ដែល​លោក​ចង់បាន​ពី​ការ​លើក​ពាន​នេះ គឺ​បាន​ឡើង​រេញ​ញឹក​ទទួល​បាន​លុយ​ច្រើន ដើម្បី​កុំឱ្យ​លោក​ពិបាក​ដើរ​ស៊ីឈ្នួល​គេ​បន្ថែម ហើយ​ពិបាក​ខ្លួន​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ ខេ​ម ខាន់ នឹង​ត្រូវ​រៀបចំ​ឱ្យ​ឡើង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុង ស្រុក​ជាមួយ​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ឆាប់​ៗ ដោយ​លោក​បញ្ជាក់​ថា ខេ​ម ចាន់ គឺជា​ម្ចាស់​ពាន បើ​គង់តែ​រៀបចំ​ដាក់​ឱ្យ​ប្រដាល់ ក៏​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​សមរម្យ​បន្តិច​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ